ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នសិលារាម នៅស្រុកឆ្លូង
ក្រចេះ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២១។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តមបានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងវត្តព្រែកចំឡាក់ដ៏ចំណាស់មួយនេះ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកឆ្លូងខេត្តក្រចេះទាំងមូល ដោយទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា អ្វីៗដែលត្រូវបានកសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់ វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះមានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែប យ៉ាងហើយសង្គ្រាមនិងជម្លោះបែកបាក់ ជាប្រភពនៃសេចក្តីវិនាសហិនហោច និងសោដនាដកម្មសម្រាប់ជាតិ និងប្រជាជនទោះជាកើតឡើងក្រោមហេតុផលអ្វីក៏ដោយ។
នៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសាកល បានបំផ្លាញសុខភាពមនុស្សរាប់រយលាននាក់ និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោក ដោយគ្មានការរើសអើង ហើយសូម្បីបុណ្យសព្វក៏មិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបាន។ កម្ពុជាក៏បានទទួលរងនូវសោដនាដកម្មនេះដែរ ហើយក៏ប្រហាក់ប្រហែលនឹងសោដនាដកម្មដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយនៅក្នុងរបប ប៉ុល ពត។
ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ទោះបីករណីឆ្លងនៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។
ឯកឧត្តមបញ្ជាក់ថា ជោគជ័យនេះមិនមែនជាការចៃដន្យឡើយគឺកើតចេញពីសាមគ្គី ភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពល រដ្ឋមកលើការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការ មានទស្សន វិស័យ និងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះគណបក្ស ប្រជាជនកម្ពុជា បានឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី, និងជាក់ស្តែងក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣នេះ គឺខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩ ៕ ដោយ៖ ម៉េង គាង











