ក្រសួងការងារចេញសេចក្តីបំភ្លឺស្តីពីការស្នើសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ដោះលែងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ ឱ្យនៅក្រៅឃុំ

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០២២នេះក្រសួងការងារចេញសេចក្តីបំភ្លឺស្តីពីការស្នើសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ដោះលងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

យោងតាមសេចក្តីជូនដំណឹងនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ រួមមានឈ្មោះលោក ជួប ចាន់ណាត, លោក សេង វណ្ណារិទ្ធ និង លោក សៅ សម្បត្តិ បានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើ សុំជួយផ្ដល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ដើម្បីបានចូលរួមស្វែងរក ដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ និងបានសន្យាថា សហការជាមួយ អាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិនោះឡើយ។

ក្រសួងបានបន្តឱ្យដឹងថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចដែលក្រសួង បានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និង បានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្រប តាមនីតិវិធីច្បាប់រួចហើយដែរ។ ប៉ុន្តែ មេធាវីរបស់អតីតបុគ្គលិកទាំង ៣នាក់ មានការយឺតយ៉ាវក្នុងការដកពាក្យ បណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីតាមផ្លូវច្បាប់។

ដូច្នេះ ដើម្បីអាច អនុវត្តតាមនីតិវិធីតាមផ្លូវច្បាប់ក្នុងការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន អតីតបុគ្គលិកទាំង ៣នាក់ និង មេធាវីតំណាង ត្រូវផ្តល់ការសហការនិងដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ជាមុនសិន។ ដោយឡែក នៅព្រឹកនេះ អតីតបុគ្គលិកទាំង ៣នាក់ កំពុងស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍។ ដូចនេះ តាមនីតិវិធីច្បាប់ ក្រសួងរំពឹងថា អតីតបុគ្គលិកទាំង ៣នាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះ អាសន្នពេលឆាប់ៗនេះ៕
ដោយ: ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner