ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់
ភ្នំពេញ៖ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់ ហើយដែលបំណងប្រាថ្នាដ៏ធំបំផុតរបស់សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ។សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងព្រមទាំងបង្កលក្ខណៈឱ្យមានការជួយគាំទ្រ និងចែករំលែកជួយគ្នាទៅវិញទៅមក ដើម្បីភាពសុខដុមរមនានៅក្នុងសង្គម។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់បែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងចំនួនមួយខ្សែ ប្រវែង ១៦,១៣៣ គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ DBST មួយខ្សែ ប្រវែង ៥,០៨ គីឡូម៉ែត្រនិងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងប្រាំបួនកន្លែង នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២២។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទចំពោះសមិទ្ធផលផ្លូវ និងស្ពានទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប និង ក្រុមហ៊ុនក្រុមហ៊ុន បុរីអង្គរ ភែលេស ចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។

ជាមួយគ្នានេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋស្រុកស្រីសន្ធរ ដែលតែងជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់ សម្តេចតេជោ ហើយតែងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និង សូមបន្តជួយគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ៕ដោយ៖ពលជ័យ




