រដ្ឋាភិបាល លន់ នល់
ថ្ងៃនេះ ៥២ឆ្នាំមុន ព្រឹត្តិការណ៍ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ជាថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋពីព្រះប្រមុខរដ្ឋ ដែលនៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូប។ រដ្ឋប្រហារទម្លាក់ទ្រង់បានបង្ហាញពីការបែកបាក់សង្គម និងការកើនឡើងនៃចលនាកុម្មុយនីស្ត និងនាំមកនូវរបបខ្មៅងងឹតយង់ឃ្នងខ្មែរក្រហម ដែលកាប់សម្លាប់ប្រជាជនខ្មែរជាតិសាសន៍ខ្លួនអស់រាប់លាននាក់។ ១៨មីនា ១៩៧០ សង្គ្រាម បានផ្ទុះឡើងរវាងពួកសាធារណរដ្ឋខ្មែរ និងពួកទ័ពព្រៃខ្មែរក្រហម បានធ្វើឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការយ៉ាងច្រើន។ សង្គ្រាមនេះ បានបង្កជាអស្ថេរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ លើសពីនេះ ប្រជាជននៅតាមបណ្តាខេត្តបានភៀសខ្លួនមកកាន់ទីប្រជុំជន និងទីក្រុង។ ក្រោយមក ទីក្រុងភ្នំពេញ ត្រូវបានទ័ពព្រៃខ្មែរក្រហមឡោមព័ទ្ធ ដែលធ្វើឱ្យប្រជាជនភ័យខ្លាច ខ្វះស្បៀងអាហារ និងរស់នៅយ៉ាងត្រដាបត្រដួស។ យើងអាចចាត់ទុកថា ១៨មីនា ១៩៧០ ជាថ្ងៃអវសាន្តនៃរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ៥ឆ្នាំក្រោយមក ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ របបដឹកនាំដែលស៊ីរូងដោយអំពើពុករលួយ និងបក្ខពួកនិយម ដោយទទួលបានជំនួយគ្រប់យ៉ាងពីអាមេរិក បានដួលរលំវិនាសខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្តនៃបនឃាតកខ្មែរក្រហម ប៉ុល ពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច អំពើឃោរឃៅ និងការបង្ហូរឈាមកាប់សម្លាប់ជាតិសាសន៍ខ្លួនបានកើតឡើង។ រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នៃរបបទមិឡខ្មែរក្រហម បានធ្វើឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង៣លាននាក់ បាត់បង់ជីវិត ដោយសារធ្វើការជាទម្ងន់ហួសកម្លាំង ឈឺគ្មានថ្នាំព្យាបាល អត់ឃ្លាន ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់៕
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #សាធារណរដ្ឋខ្មែរ #ដំណើរកម្ពុជា #លន់នល់ #រដ្ឋប្រហារ #ព្រះបរមរតនកោដ្ឋ #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរិមតៈ #វិនាសកម្ម #ប្រវត្ដិសាស្រ្ដខ្មែរ