តុលាការខេត្តកណ្តាល ឃុំខ្លួនក្រុមបងធំ ដែលមានរហ័សនាម JTK ប្រចាំស្រុកកោះធំដេញស្ទះកាប់ជនរងគ្រោះ ដោយសារគំនុំ ស្លាប់ម្នាក់ របួសពីនាក់
កណ្តាល៖ ក្រុមបងធំ ដែលមានរហ័សនាម JTK បានធ្វើសកម្មភាពដេញ ស្ទាក់ កាប់ គប់ ជនរងគ្រោះ រហូតដលស្លាប់ម្នាក់ របួសធ្ងន់ ស្រាលពីរនាក់ នៅល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពជនរងគ្រោះ” តាមមាត្រា២២៥ នៃក្រមព្រហ្មទណ្ឌ ។
ក្រុមបងធំនេះបានប្រព្រឹត្តនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនត្រូវចោទទី១ឈ្មោះ វ៉ាន់ ណេត ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឡក្បឿង ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ឡាត់ សុចាន់ ហៅតន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន ០៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ ទី២ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ និងទី៣ឈ្មោះ កាំង សំណាង(ឡូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
តាមចម្លើយសារភាពរបស់ឈ្មោះ វ៉ាន់ ណេត បានសារភាពថា៖ រូបខ្លួននិងបក្សពួកទាំងអស់សរុបចំនួន ១២នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញវាយ និងកាប់ទៅលើ ក្រុមជនរងគ្រោះខាងលេី កាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចផ្លូវបេតុងក្រោយវត្តដើមពោធិ៍ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ប្រាកដមែន។
សូមបញ្ជាក់ថា ក្រុមបងធំ ដែលមានរហ័សនាម JTK ប្រចាំស្រុកកោះធំ ដែលមានទីតាំងនៅក្នុងសួនមុខវត្តសុីសុវត្តិ ហៅវត្តជ្រោយតាកែវ ប្រចាំស្រុកកោះធំ ដែលមានបក្សពួកជិត ១០០នាក់ កន្លងមកសមត្ថកិច្ច បានចុះបង្រ្កាបចាប់ក្រុមនេះចំនួន ០៣ករណីនិងឃាត់ខ្លួនចំនួន២១នាក់បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល តែក្រុមនេះតែងលួចធ្វើសកម្មភាពដដែល និងធ្វើសកម្មភាពវាយសម្លាប់ ចំនួន ០២នាក់ហើយមកដល់ពេលនេះ និងរងរបួសជាច្រើនអ្នកផងដែរ ៕ ឆ ដា
















