មនុស្សប្រុសស្រី ១៤នាក់របួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត៣គ្រឿងបុកបន្តគ្នាផ្អើលទាំងយប់នៅខេត្តស្វាយរៀង
ស្វាយរៀង ៖មានមនុស្សប្រុសស្រី ១៤ នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្ត៣ គ្រឿងនិងម៉ូតូមួយគ្រឿងបុកបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២២ស្ថិតនៅលើផ្លូវលេខ១៣ចន្លោះគីឡូម៉ែត្រលេខ១៣ និង១៤ ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនកើតហេតុមានអ្នកបើកបរម៉ូតូឈ្មោះ អុិន សំណាង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១N.១៩៩៧ បើកបរក្នុងទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហេតុក៏បានបុកយ៉ាងពេញទំហឹងជាមួយនឹងរថយន្តដែលធ្វើដំណើរពីទិសខាងជើងទៅត្បូងមិនប្រកាន់ស្ដាំម៉ាកTacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២AG.៥៤៧៩បើកបរដោយឈ្មោះ សួន កុសល ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងដែករស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពបន្តថាក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍រួចស្រាប់តែមានរថយន្ត២ គ្រឿងទៀតធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកគ្នាពីក្រោយទៀត មានរថយន្តម៉ាកASIA GRAN BIRD ពណ៌សពាក់ស្លាកលេខ ព្រៃវែង ៣A.១៨៨៧ មានរឺម៉កសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ ៤A.៥២៧៥បើកបរដោយឈ្មោះ អុិត សូដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មកដល់ចំណុចកើតហេតុបានបន្ថយល្បឿន រំពេចនោះក៏មានរថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ខោនធីពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ ៣B១៦៨០ បើកបរដោយឈ្មោះ ចែម សារី ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បុកពីក្រោយបណ្ដាលឱ្យកម្មករកម្មការិនីនៅក្នុងរថយន្តរបួសចំនួន ១៣នាក់ ក្នុងនោះ ធ្ងន់៤ នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះមកពី រថយន្តTacoma ពាក់ស្លាកលេខភ្នំពេញ 2AG.5479បើកបរមិនប្រកាន់ស្ដាំខណៈអ្នកបើកបង្កហេតុបានរត់គេចខ្លួនផងដែរ។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង៤គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដោះស្រាយពេលក្រោយ។ចំណែកអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកបើករថយន្តម៉ាកASIA GRAN BIRDឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីដោះស្រាយតាមច្បាប់ ៕ ដោយ ៖ នុត នាង






