ក្រសួងកសិកម្មបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានបើកសន្និបាតបូកសរុបការងារប្រចាំ ឆ្នាំ ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លង កូវីដ-១៩។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ ព័ន្ធ នឹងមួយចំនួនទៀតចូលរួមតាមប្រព័ន្ធហ្សូម( Zooming)។
ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់ជូនអង្គពិធីថា វិស័យ កសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់ បន្ថយ ភាពក្រីក្រដោយមានអង្គភាពជំនាញជាសេនាធិការដែលបាននិងកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវ ធ្វើការលះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្មនិងការកែច្នៃឲ្យអស់សក្ដានុពលដែលមានស្រាប់។
ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និង ពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹង ផែនទីបង្ហាញផ្លូវស្តីពី”ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០” ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញ កសិផល ដើម្បីលើកកម្ពស់ជីវភាព តាមរយ:ការធ្វើទំនើបកម្ម កសិកម្ម ការធ្វើពិពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃ និងនាំចេញប្រកបដោយភាពប្រកួត ប្រជែង ។
ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម ការផ្ទេរ បច្ចេកទេស កសិកម្មទំនើប ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាម កិច្ច សន្យា ដើម្បីបង្កើនសហ គ្រិនភាព និងមានលក្ខណៈ ជាអាជីពក្នុង កសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅ លើខ្សែច្រវាក់ ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម។
លោកបន្តថាពិតណាស់ថា សមិទ្ធផលទាំងអស់នេះសម្រេចទៅបាន ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាព នយោបាយ យ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបោះជំហាន ឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវកិច្ចអភិវឌ្ឍមួយប្រកបដោយ ចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ បំផុត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្ត បន្តឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមីនា ខាងមុខនេះ ដែលពិធីដ៏ឧត្តុងឧត្តមនេះស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕ដោយ៖វណ្ណលុក





