ធនាគារ ARDB ចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម

ខេត្តកំពង់ធំ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាតើថា (ARDB) បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ពិធីនេះ ប្រារព្ធធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ធំ កាលពីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងអនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ ឧកញ៉ា ហ៊ុន ឡាក់ ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមកសិកម្ម កម្ពុជា និងអស់លោក លោកស្រី ជាសមាជិកសហគម និងបងប្អូនប្រជាកសិករ សរុបប្រមាណ ៦៥នាក់។

ឯកឧត្តមបណ្ឌិត បានធ្វើការជម្រាបជូន បងប្អូនប្រជាកសិករអំពីគោលបំណង និងកម្មវត្ថុ នៃគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកយកផងដែរ នូវគោលការណ៍ឥណទាន ក្នុងគម្រោងហិរញ្ញប្បទានពិសេសនេះ ដោយក្នុងនោះអត្រាការប្រាក់ គឺត្រឹមតែ ៥,៥% ក្នុងមួយឆ្នាំសម្រាប់ទុនវិនិយោគ និង ៥ % ក្នុងមួយឆ្នាំម្រាប់ទុនបង្វិល។ ដោយឡែកចំពោះទ្រព្យធានា គឺមានភាពបត់បែនខ្ពស់ និងអាចផ្តល់ឥណទានជូនរហូតដល់ ៨០ % នៃទ្រព្យធានាបំណុលផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច នៅតែបន្ត លើកទឹកចិត្ត អោយបងប្អូនប្រជាកសិករ ចេះ ធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំឱ្យបានច្បាស់លាស់ ព្រោះការងារនេះ វាជួយឱ្យអាជីវកម្ម របស់ប្អូន មានភាពរីកចម្រើន និងដឹងអំពីការចំណេញ ឬខាត ។

ឯកឧត្តមបណ្ឌិត ក៏បាន ស្នើសុំឱ្យបងប្អូនប្រជាកសិករ ប្រើប្រាស់ទុន ដែលទទួលបាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឱ្យចំគោលដៅ និងចេះរកព័ត៌មានអំពីទីផ្សារ និងផលិតឱ្យចំគោលដៅ និងមានតម្រូវការទីផ្សារផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្លាំងលើជីវភាពរបស់បងប្អូនប្រជាកសិករ។ ជាមួយគ្នានេះ វិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ ១៩ នេះ, ដូចនេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្ត ឱ្យបងប្អូនកសិករ ចងក្រងជាសហគម និង ធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំនេញថវិកា។

ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនកសិករ សូមធ្វើការដាំដុះតាមគោលការណ៍ សុវត្ថិភាពចំនីអាហារ (GAP) និងចងក្រងបន្តុំផលិតបន្លែសុវត្ថិភាព ដោយធ្វើការដាំដុះក្នុងផ្ទះសំណាញ់ ក្នុងករណីបើអាច ព្រោះវាបានផលច្រើន ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានប្រគល់រង្វាន់ជាវត្ថុអនុស្សាវរីយ៍ជូនដល់កសិករគំរូ ដែលទទួលបានឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទូរស័ព្ទ ១គ្រឿង និងថវិកា ២ម៉ឺនរៀលផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner