គោលដៅបក្សកុម្មុយនីស្ដមុន និងក្រោយ ១៧ មេសា

១៧ មេសា ១៩៧៥ ដូចផែនការដែលបានគ្រោងទុក ទ័ពព្រៃខ្មែរក្រហមបានវាយសម្រុកចូលទីក្រុងភ្នំពេញគ្រប់ច្រកល្ហក ស្នូរផ្ទុះអាវុធឮកងរំពងពេញផ្ទៃប្រទេស ជាពិសេសភូមិសាស្ត្ររាជធានីភ្នំពេញ។ សំឡេងហ៊ោកញ្ជៀវស្វាគមន៍ការមកដល់របស់ទ័ពព្រៃឮទ្រហឹងពេញទីក្រុង ព្រោះប្រជាជនម្នាក់ៗគិតថា សង្គ្រាមបានបញ្ចប់ហើយ។ ប៉ុន្តែគ្មាននរណាម្នាក់ស្មានដល់ថា អ្នកដែលមករំដោះប្រទេសចេញពីរបបមួយដែលពុករលួយដល់ឆ្អឹងខ្នង ប្រែក្លាយជាពេជ្ឈឃាតដ៏សាហាវសម្លាប់ប្រជាជនឯងគ្មានញញើតដៃ ចាប់តាំងពីថ្ងៃដំបូងចូលមកដល់ទីក្រុងភ្នំពេញម្ល៉េះ។ បនខ្មែរក្រហមបានកំណត់គោលដៅខ្លួនយ៉ាងច្បាស់ ចំពោះក្រុមមនុស្សដែលត្រូវកម្ទេច បន្ទាប់ពីកាន់អំណាចទាំងស្រុង។ ខ្មែរក្រហមបានប្រើប្រាស់ការបោកបញ្ឆោតគ្រប់រូបភាព ដើម្បីស្វែងរកក្រុមមនុស្សគោលដៅ ដូចជា អតីតអ្នករដ្ឋការ លន់ នល់ និស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គ្រូពេទ្យ គ្រូបង្រៀនជាដើម តាមរយៈការប្រមូលយកទៅឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ ដោយគ្មានការលើកលែង។ ក្រោយវាយដណ្ដើមបានទីក្រុងភ្នំពេញភ្លាម ខ្មែរក្រហមមិនអែអង់យូរឡើយ បានចាប់ផ្តើមអនុវត្តនូវគោលការណ៍ឧក្រិដ្ឋទាំង ៨ ចំណុច ដែលបានគ្រោងទុក គឺប្រហារជីវិតអតីតអ្នករដ្ឋការ លន់ នល់ ជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងឱ្យទៅរស់នៅយ៉ាងវេទនានៅទីជនបទដាច់ស្រយាល លុបបំបាត់ទីផ្សារ លុបបំបាត់រូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករណ៍ទូទាំងប្រទេស បណ្តេញជនបរទេសចេញពីប្រទេស និងបញ្ជូនកងទ័ពទៅកាន់ព្រំដែន៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #កម្ពុជាប្រជាធិបតេយ្យ #ទ័ពព្រៃខ្មែរក្រហម #គោលដៅបក្សកុម្មុយនីស្ដ #លន់នល់

Facebook Page: Black-Crow

Telegram Channel

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner