សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ុង» នៅខេត្តកំពត ដែលជារោងចក្រស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជា
កំពត៖ នៅព្រឹកថ្ងៃព្រសហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ ១១០លានដុល្លារសហរដ្ឋអាមេ៉រិក ។
រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥នៅកម្ពុជាដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃពេលនេះ ជារបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត ១លានតោនក្នុងមួយឆ្នាំ។
វត្តមានរោងចក្រស៊ីម៉ង់ថៃប៊ុនរ៉ុង បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ រោងចក្រនេះ អាចផ្តល់ការងារអចិន្ត្រៃយ៍ដល់បុគ្គលិកប្រមាណ ៣៣៥នាក់ ក្នុងនោះមានជនជាតិបរទេសប្រមាណ ៣៥នាក់។ ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរបានជាច្រើននាក់ហើយនោះ ក្រុមហ៊ុនត្រូវបង់ថ្លៃសួសារថ្មកំបោរចូលរដ្ឋប្រមាណ ៦៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយមិនទាន់គិតប្រាក់ចំណូលពន្ធអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀតនោះឡើយ។
ស្របពេលដែលប្រទេសកំពុងមានការរីកលូតលាស់ខ្លាំងលើវិស័យសំណង់នោះ កម្ពុជាមានតម្រូវការស៊ីម៉ង់តិ៍ខ្ពស់សម្រាប់បម្រើការដល់ការសាងសង់សំណង់នានា។ មុនឆ្នាំ២០០៨ កម្ពុជា ជាប្រទេសមួយដែលបាននាំចូលស៊ីម៉ង់តិ៍ទាំងស្រុងពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការសាងសង់។ តែក្រោយឆ្នាំ២០០៨ វត្តមានរោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់សម្រាប់ផលិតស៊ីម៉ង់តិ៍ ដើម្បីបំពេញតម្រូវការសាងសង់។ មកដល់ពេលបច្ចុប្បន្នកម្ពុជា បានកាត់បន្ថយការនាំចូលស៊ីម៉ង់ពីបរទេសបានយ៉ាងច្រើន។
សម្ដេចតេជោបានសម្ដែងនូវការសប្បាយរីករាយនិងអបអរសាទរចំពោះសមិទ្ធផលថ្មីនេះសម្ដេចតេជោបានបញ្ជាក់ថារោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះគឺឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍដ៏លឿនឆាប់រហ័សរបស់ប្រទេសជាតិយើង។សម្តេចថាយើងអាចផលិតបាន ៨លានតោន ក្នុង១ឆ្នាំ គឺយើងចំណេញថវិកាប្រមាណ 500លានដុល្លា ដោយមិនបាច់នាំចូលពីបរទេស។
សម្ដេចបន្តថាគឺមានតែខេត្ត៣ ដែលយើងអាចផលិតស៊ីម៉ង់ត៍គឺខេត្ត កំពត បាត់ដំបង និងបន្ទាយមានជ័យ ក្នុងនេះកំពត មាន៤រោងចក្រ ដែលអាចផលិតបានប្រមាណ៦លានតោន ក៏ប៉ុន្តែទីកន្លែងនោះពាក់ព័ន្ធហ្នឹងបេតិកភណ្ឌប្រវត្តិសាស្ត្រខ្លះ ដោយសារតែជាទីកន្លែងប្រវត្តិសាស្ត្រ មានរឿងលាក់ខ្លួនរបស់ព្រះរាជាឬក៏អតីតព្រះរាជាឬព្រះអង្គម្ចាស់យ៉ាង នេះព្រះអង្គម្ចាស់នោះកាលពីសម័យដើមអញ្ចឹងទីតាំងនោះជាទីតាំងដែលត្រូវរក្សាទុកដើម្បីធ្វើជាការអភិរក្សសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ និងកន្លែងខ្លះទៀតរក្សាអភិរក្សាសត្វ គេហៅភ្នំប្រចៀវជាដើម។ កន្លែងមួយចំនួន ក៏ត្រូវរក្សាព្រោះភ្នំខ្លះនៅខ្ចីវាមិនអាចយកទៅកសាងជាផ្លូវថ្នល់ និងជាសម្ភារៈសំណង់បានទេ ហើយតំបន់ភ្នំខ្លះទៀត យើងត្រូវរក្សាទុកជាតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ ។
សម្ដេចបញ្ជាក់ថា បច្ចុប្បន្ន យើងមានកំណើនលឿនណាស់លើការសាងសង់ ដោយសារយើងមានកំណើនប្រជាពលរដ្ឋលឿន ជាក់ស្តែងគិតដល់ឆ្នាំ 2019 នេះ ប្រជាពលរដ្ឋយើងមានកំណើនរហូតទៅដល់15 លាន 8 សែននាក់, នេះបើតាមការបញ្ចាក់របស់រដ្ឋមន្ត្រីផែនការហើយថា ឆ្នាំក្រោយកើនដល់១៦លាននាក់ មួយឆ្នាំយើងកើត 40 ម៉ឺននាក់ ជាចំនួនមួយច្រើនណាស់ ដែលជាបញ្ហាប្រឈមចាំបាច់រាជរដ្ឋាភិបាល ត្រូវរៀបចំផែនការដើម្បីធ្វើការអភិវឌ្ឍ។
ពីវេទិកានេះដែរ សម្ដេចក៏បានអំពាវនាវ និងសំណូមពរឲ្យប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាទឹកទុកក្នុងអាង ទំនប់ ប្រឡាយ ដើម្បីធានាថានឹងមិនខ្វះទឹក នៅចុងរដូវនេះ ។ ទាក់ទងនឹងរោងចក្រស៊ីម៉ង់ថ្មីនេះ សម្ដេចក៏បានរំលេចឲ្យឃើញផងដែរថា រោងចក្រ 5 ដែលឯកឧត្តម ស៊ុយ សែម បានលើកឡើងខាងលើ ថាមានកម្មករត្រឹមតែ 2700នាក់ប៉ុណ្ណោះ នេះយើងគិតតែ ចំនួនអ្នកធ្វើការ កន្លែងផលិតស៊ីម៉ង់ ដោះស្រាយមនុស្សមិនដល់ 3ពាន់ទេ ក៏ប៉ុន្តែស៊ីម៉ងត៍ ត្រូវយកធ្វើផ្ទះ ធ្វើការដ្ឋាន ធ្វើស្ពានធ្វើផ្លូវធ្វើរោងចក្រ ធ្វើសាលារៀន ធ្វើវត្តអារាម ចឹងមនុស្សរាប់លាននាក់ ដែលមានការងារចេញពីស៊ីម៉ង់នេះ ។
ពីវេទិការខេត្តកំពតនេះដែរ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ ក៏បានផ្ញើសារនយោបាយជូនជនរួមជាតិចំនួន 3 ទីមួយ÷ សូមអរគុណប្រជាពលរដ្ឋទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមទប់ស្កាត់នូវរដ្ឋប្រហារមួយដែលប៉ុនប៉ងដណ្ដើមអំណាចនៅថ្ងៃទី 9 ខែវិច្ឆិកាកន្លងទៅតាមរយៈការចូលរួមទទួលទានហូលអំបុកក្រោមបាវចនាអំបុកខ្មែរថែជាតិសាសនាព្រះមហាក្សត្រ។
សម្តេចថា វាជារឿងចម្លែកណាស់ដោយសារមហិច្តានយោបាយផ្តួលរំលំរដ្ឋាភិបាល ចេញមកថ្ងៃ 9 វិច្ឆិកា គឺជាថ្ងៃចាប់ ហ៊ុន សែន ដើម្បីយកទៅផ្ដន្ទាទោស ឬត្រូវនារទេស ហ៊ុន សែន ទៅក្រៅប្រទេស ឲ្យគេចូលគ្រប់គ្រងអំណាចម្ដង វាពិតជារឿងចម្លែកណាស់ ដូច្នេះរាជរដ្ឋាភិបាល គ្មានជម្រើសអ្វីក្រៅពីការទប់ស្កាត់ឲ្យខានតែបានដោយគ្រប់វិធី ដើម្បីធានានូវសន្តិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋរបស់យើង ។
សន្តិភាព មានតម្លៃខ្លាំងណាស់ ដោយសារតែសន្តិភាពនេះហើយ ទើបប្រជាពលរដ្ឋរបស់យើងសប្បាយរីករាយ នៅក្នុងពេលបុណ្យជាតិ 9 វិច្ឆិកា និងបុណ្យអុំទូកថ្ងៃ 10 ,11 ,12 កន្លងទៅ ។ សម្តេថា មិននឹកស្មានថា សារនយោបាយចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋបះបោរឡើង ឲ្យ កម្លាំងប្រដាប់អាវុធបែរចុងការណុងមករក ហ៊ុន សែន ដូច្នេះរាជរដ្ឋាភិបាល គ្មានជម្រើសទេ បើទោះតម្លៃណាក៏ដោយមិនអាចឲ្យអ្នកឯងធ្វើទៅបានទេ។ រាជរដ្ឋាភិបាល មានជំនឿយ៉ាងមុតមាំ លើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។
សម្តេចតេជោ បានថ្លែងថា ទោសរបស់ សម រង្ស៉ី គ្មានការលើកលែងនោះឡើយ ត្រូវតែដំណើរការទៅតាមច្បាប់។ សម្តេចតេជោ បន្ថែមថា ដៃស្តាំរបស់សម្តេច មិនចុះហត្ថលេខាសុំព្រះរាជទានលើកលែងទោសឱ្យ មនុស្សដដែលបានឡើយ។
សម្តេចតេជោ បានថ្លែងថា ក្រុមជនក្បត់ជាតិ បានអុជអាលសម្តេចក្រឡាហោម ស ខេង ឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេច។ សម្តេចតេ ថា ស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាតិចពេកហើយ។គណបក្សប្រជាជនគ្មានការដណ្តើមអំណាចផ្ទៃក្នុងគ្នានោះឡើយ។
ទីពីរ÷ សម្តេចតេជោ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ទៅប្រទេសថៃ វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយមិនមានទោសពៃអ្វីនោះឡើយ។ សម្តេចបានបញ្ជាទៅសមត្ថកិច្ចតុលាការ នគរបាល អាវុធហត្ថមិនឱ្យមានការចាប់ខ្លួនអ្នកទាំងនោះឡើយ។
សម្តេចតេជោ បានចាត់ទុកអ្នកទាំងនេះចាញ់បោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលយល់ណាស់លើបញ្ហានេះ តែមិនអនុគ្រោះឱ្យមាននៅមុនថ្ងៃ៩ វិច្ឆិកា នោះឡើយ។
និងទីបី÷ចំពោះអ្នកដែលបានចាប់ខ្លួនរួចហើយ សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី។
សម្តេចតេជោ បានថ្លែងថា ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃការបង្រួបបង្រួមជាតិ ព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ។
សម្តេចតេជោ បញ្ជាក់ថា ក្រុមជនក្បត់ជាតិ គ្រោងប្រើឈាមប្រជាជន ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេ។
សម្តេចតេជោ បានប្រកាសថា សម្តេចនឹងកាន់អំណាចរហូតដល់ឆ្នាំ២០២៨។ សម្តេចតេជោក៏បាន ផ្តាំទៅក្រុមក្បត់ជាតិថា កុំធ្វើនយោបាយរង់ចាំសម្តេចស្លាប់អី ព្រោះពូជសម្តេចអាយុវែងណាស់ ៕ធ.ដ