ឯកឧត្តម សាយ សំអាល់ ថ្លែងអំណរគុណបុគ្គលិកសំអាតអនាម័យបរិស្ថាន ក្នុងព្រះរាជពិធីបុណ្យអុំទូក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កម្មករ និងបុគ្គលិកអនាម័យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត រួមគ្នាសម្អាតតាមច្រាំងទន្លេ និងតាមសួនច្បារសាធារណៈចាប់ពីពីម៉ោង ១២ យប់ រហូលដល់ម៉ោង ៧ ព្រឹកក្នុងរយៈពេល៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មករ បុគ្គលិក យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ស ស យ ក រាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការអប់រំផ្សព្វផ្សាយដល់សាធារណៈជន បោសសំអាត និងបានវិចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ ដែលបានធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃ បានប្រព្រឹត្តទៅ ទៅដោយរក្សាបាននូវសោភ័ណ្ឌភាព និងអនាម័យល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងចូលរួមទទួលខុសត្រូវកាន់តែមានលក្ខណៈល្អប្រសើរ។ ការចូលរួមយកចិត្តទុកដាក់លើការសំអាតអនាម័យបរិស្ថាននាពេលនេះបានធ្វើឱ្យរាជធានីភ្នំពេញ ទីក្រុងជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជាយើង កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។
ឯកឧត្តមសាយ សំអាល់ បញ្ជាក់បន្ថែមថា ដើម្បីឱ្យប្រទេសកម្ពុជាមានអនាម័យបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តបន្ថែមទៀដល់ប្រជាពលរដ្ឋ ឱ្យចាត់ទុកទីក្រុង ទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលកំពុងរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្ម នៅតាមផ្ទះ ចាំបាច់ត្រូវសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកកម្ពស់សុខុមាលភាពសាធារណៈ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner