សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកំសាន្តល្បែងប្រជាប្រិយវាយក្អម នៅតំបន់ឆ្នេរកម្សាន្តមាត់សមុទ្រខេត្តព្រះសីហនុ

ព្រះសីហនុ៖​ នៅរសៀលថ្ងៃទី១៥មេសា ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញលេងល្បែងកំសាន្តវាយក្អម ប្រពៃណីជាតិខ្មែរ នៅឆ្នេរលំហែកាយអូរឈើទាល ក្រុងព្រះសីហនុ ។ បន្ទាប់ពីបាន អញ្ជើញចុះជម្រះកាយទឹកសមុទ្ររួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឥស្សរជនជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញលេងល្បែងកម្សាន្តវាយក្អម ជាមួយបងប្អូនប្រជាពលរដ្ឋ នៅឆ្នេរលំហែរកាយ ឆ្នេរអូរទាល ប្រកបដោយភាពស្និទ្ធ ស្នាលរាក់ទាក់ ជាមួយនិងការទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលបានឈានចូលមកដល់រយៈពេល២ថ្ងៃកន្លងមកនេះ។
សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី១ហើយ ដែលកម្ពុជាបានបើកឲ្យមានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី បន្ទាប់ពីការអាក់ខានរយៈពេល២ឆ្នាំកន្លងមក ដោយសាតែការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងខ្លាំងមកនោះ។ រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិងកាន់តែស្វាហាប់ទ្វេដង ក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុងការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់ការដ្ឋាន ឱ្យមានលក្ខណៈស៊ីជម្រៅជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ម្យ៉ាង ព្រមទាំងសំដៅធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្មនិងបរិស្ថានវិនិយោគ សម្រាប់ទាក់ទាញបន្ថែម នូវការវិនិយោគនិងធុរកិច្ច។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលខិតខំបន្តពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ ជាពិសេសសមត្ថភាពស្ថាប័នសាធារណៈ និងអភិបាលកិច្ចឱ្យកាន់តែរឹងមាំ មានភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព និងមានភាពធន់ខ្ពស់ ទៅនឹងវិបត្តិនានា។ ឆ្នាំចាស់ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញ នូវឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.
២៥៦៦ រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិ ឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ការពារដាច់ខាតនូវ ឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផល កម្ពុជារក្សាបាន នូវសុខសន្តិភាព ឯករាជ្យជាតិ និង អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងសស្រាក់សម្រាំ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។

ក្នុងឆ្នាំ២០២១ កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាល ឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូរីដ-១៩ មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនប្រមាណ២,៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត ៤,៨%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង៤៥ ៥៧៦លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានប្រមាណជាង១៧ ៦៨២លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិ ផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិបន្តកើនឡើងដល់២១,៦ប៊ីលានដុល្លារ អាម៉េរិក។ រាជរដ្ឋាភិបាលបានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួល ពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលថ្មីៗ នេះនឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរ ជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារ ខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ ៕srn

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner