គណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យបង្កើនរឹតបន្តឹងសន្តិសុខទាំងផ្ទៃក្នុង ទាំងតាមព្រំដែន តែមិនបិទច្រកព្រំដែន និងតំបន់ទេ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ គណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យបង្កើនការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពពីនេះតទៅបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០១៩ និងក្រោយបុណ្យទាំងផ្ទៃក្នុង ទាំងតាមព្រំដែន តែមិនបិទច្រកព្រំដែននិងតំបន់ទេ។

ក្នុងនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគិ៥ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការរងនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីជឹម  ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជាដើម ។

ឯកឧត្តម អ៊ុ  រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នោះក្នុងពេលទទួល និងសំណេះសំណាលជាមួយកងឯកភាពនៃកងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងកងយោធពលខេមរាភូមិន្ទនៃយោធភូមិភាគទី៥ ទិសតំបន់ទី១បន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យដែលចូលរួមហ្វឹកហាត់ និងយុទ្ធដំណើររួមគ្នា ហើយជួបជុំគ្នានៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យនាក្រុងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នា២០១៩ ។

ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថាៈ ដូចអស់លោកជាស្នងការ ស្នងការរង អធិការ លោកមេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលនៃកងកម្លាំងទាំង៣ប្រភេទបានទទួលបទបញ្ជាហើយ គឺការហ្វឹកហាត់នេះដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពនៅផ្ទៃក្នុងភូមិសាស្ត្រខេត្ត ក៏ដូចនៅបណ្តោយព្រំដែនកម្ពុជា ថៃក្នុងអំឡុងពិធីអបអរខួប១៥ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទបរមនាថនរោត្តម សីហមុនី , ពីពិធីបុណ្យអុំទូក បណ្តែតប្រទីប ថ្នាក់ខេត្តតាំងពីថ្ងៃទី២៩- ៣០ខែតុលា និងពីធីអកអំបុក សំពះព្រះខែ សម្រក់ទានជ័យផ្សងទឹកភ្លៀងថ្ងៃទី១១ខែវិច្ឆិកា  និងឱកាសបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០១៩ និងក្នុងឱកាសព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅថ្នាក់ជាតិ ក៏ដូចតទៅមុខដូចដែលបានទទួលផែនការ​ និងការទទួលខុសត្រូវចំពោះបទបញ្ជារ និងតួនាទីភារកិច្ច។

ចំណែកឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគិ៥ ទទួលជាមេបញ្ជាការតំបន់ទី១ បន្ទាយមានជ័យប្រាប់សារព័ត៌មានថ្ងៃទី១ខែវិច្ឆិកាថា យុទ្ធដំណើរហ្វឹកហាត់រយៈពេល១ថ្ងៃរួមគ្នាទ្រង់ទ្រាយធំនេះមានកម្លាំងរាប់រយពាន់នាក់នេះរួមមានកម្លាំងប្រយុទ្ធនៃកងទ័ពរបស់ កងពលតូចថ្មើរជើងលេខ៥១  របស់តំបន់ប្រតិបត្តិការសឹករងខេត្ត , កងរាជអាវុធហត្ថ , កងនគរបាលនោះដែលបានធ្វើពីទៀបភ្លឺ រហូតដល់ព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៩ ។

កងកម្លាំងទាំងនោះត្រូវបានបំពាក់អាវុធយុទ្ធភ័ណ្ឌ  សម្ភារៈប្រយុទ្ធ  រថពាសដែក  រថយន្តតូចធំ រថយន្តពេទ្យជាដើម ។    យោងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ខែតុលាឆ្នា២០១៩  បានជូនដំណឹងដល់សាធរណៈជន និងប្រជាពលរដ្ឋមេត្តាជ្រាបថា នៅថ្ងៃសុក្រទី១ខែវិច្ឆិកាឆ្នាំ២០១៩  វេលាម៉ោង៧ព្រឹក មានចល័តកងកម្លាំងចេញពីទីបញ្ជាការទិសទី១ បន្ទាយមានជ័យ(តំបន់ទី១ នៃយោធភូមិភាគទី៥) និងពីទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ភូមិក្បាល ស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានជម្រាបថា ៖ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងឡាយ មេត្តាជ្រាបជាព័ត៌មាន និងកុំមានការព្រួយបារម្ភ ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបន្ថែមថា កម្លាំងក្នុងយុទ្ធដំណើរទោះបំពាក់អាវុធ និងគ្រាប់ គ្រាប់បែកសម្រាប់ប្រយុទ្ធ និងសម្រាប់បង្ក្រាបបាតុកម្មមែន ក៏មិនមានការបាញ់ឬបោកគ្រាប់ឡើយ ។

ប៉ុន្តែសម្រាប់កងកម្លាំងនគរបាលជិត១.០០០នាក់នៅថ្ងៃត្រង់ និងរសៀលថ្ងៃដដែល បានបន្តទៅហ្វឹកហាត់បាញ់គ្រាប់ពិតនូវកាំភ្លើងB 41 កាំភ្លើងAK47 កាំភ្លើងខ្លីជាដើមនាទីលានភ្នំកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ឯកឧត្តម ឈុន ម៉ៅ ថ្លែងថាៈច្រកព្រំដែនអន្តរជាតិ ច្រកព្រំដែនតំបន់ និងច្រករបៀងកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមិនបានបិទទេពីមុននេះ ពេលនេះរហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩ ។ប៉ុន្តែត្រូវបានរឹតបន្តឹងពង្រឹងខ្លាំងនូវការល្បាត បង្កើនការយកចិត្តទុកដាក់លើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ខ្លាំង ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner