ប្រធានាធិបតីស៊ីរីព្រមានធ្វើសង្គ្រាម បើសិនមធ្យោបាយនយោបាយខកខានមិនអាចឱ្យតួកគីដកចេញពីស៊ីរីខាងជើង
អត្ថបទដោយ៖
Kien Sereyvuth
ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ នៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា សង្គ្រាមនឹងក្លាយជាជម្រើសតែមួយគត់ ប្រសិនបើមធ្យោបាយនយោបាយខកខានមិនអាចឱ្យកងកម្លំាងតួកគីដកចេញពីស៊ីរីខាងជើង ។
ប្រធានាធិបតីស៊ីរីរូបនេះបាននិយាយថា កិច្ចព្រមព្រៀងថ្មីរវាងតួកគី និង រុស្ស៊ីស្តីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅភាគខាងជើងប្រទេសស៊ីរី គឺមានលក្ខណៈអំណោយផលក្នុងការដកកងកម្លំាងឃឺដចេញពីតំបន់ព្រំដែន ក្នុងការសម្របសម្រួលជាមួយកងទ័ពស៊ីរី ។
លោក អាសាដ បានសង្កត់ធ្ងន់ថា នេះមិនបានលុបបំបាត់ភាពអវិជ្ជមាននៃការកាន់កាប់របស់តួកគីទេ លោកថា ប្រសិនបើមធ្យោបាយនយោបាយទាំងអស់មិនអាចជំរុញកងកម្លាំងតួកគីឱ្យចាកចេញបានទេ នោះនឹងមិនមានជម្រើសអ្វីផ្សេងក្រៅពីសង្គ្រាមនោះឡើយ ៕ធ.ដ