ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជាតិទាំង៣១ ទទួលបានការនែនាំ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ត្រៀមស៊ីហ្គេម នៅហ្វីលីពីន
ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជាតិទាំង៣១ ទទួលបានការនែនាំ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ទទួលបន្ទុកនាយបេសកកម្មកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងដំណើរការជាផ្លូវការពិធីបើកនាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ពិធីបិទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា សម្រាប់ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនពីព័ត៌មានលម្អិត ដើម្បីបង្កើនការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរ នៅស៊ីហ្គេម លើកនេះឲ្យទទួលបានជោគជ័យយកមកជូនជាតិ ។
ឯកឧត្តម បន្ថែមទៀត កិច្ចប្រជុំនេះយើងបានផ្តោតសំខាន់ផងដែរលើការបញ្ជាក់ពីកម្មវិធីធំៗ នៅក្នុងស្រុក ក៏ដូចជារបៀបរបបបែបនេះ នៅប្រទេសហ្វីលីពីន មុនការប្រកួត និងក្នុងអំឡុងពេលប្រកួត និងក្រោយពេលប្រកួតជាដើម ដោយមានប្រភេទកីឡាមួយចំនួនត្រូវប្រកួតនៅទីក្រុងម៉ានិល និងនៅទីក្រុងរណបថ្មីទី២ របស់ប្រទេសហ្វីលីពីន ។ ជាមួយគ្នានោះ តំណាងសហព័ន្ធកីឡាជាតិនានា លើកកយបញ្ហាប្រឈមមួយចំនួន ក៏ដូចជាបានផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក នូវអ្វីដែលជាឧបស័គ្គ ដើម្បីស្វែងយល់សម្របសម្រួលឲ្យទាន់ពេលវេលា ក្នុងគោលដៅកុំឲ្យមានបញ្ហារាំងស្ទះដល់ដំណើរការនៃការ ប្រកួត ។
គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក សហព័ន្ធកីឡាជាតិទាំង៣១ នៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ នឹងទទួលបានការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងទទួលស្តាប់ប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ។ ឯកឧត្តម បណ្ឌិត ថោង ខុន បានប្រកាសកាលពីដើមឆ្នាំនេះថា ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន គឺជាយុទ្ធសាស្រ្តទី១ ឈានឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា គ្រប់ប្រតិភូ គ្រូបង្វឹក អត្តពលិកទាំងអស់នឹងត្រូវជួបជុំគ្នាធំមួយជាមួយថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីក្រុងម៉ានិល មុន ការពិធីបើកការប្រកួតជាផ្លូវការ ៕ធ.ដ