ហុងកុងជួបវិបត្តិសេដ្ឋកិច្ចខ្លាំង ក្រោយបាតុកម្ម៥ខែ
សារព័ត៌មាន CNN បានចេញផ្សាយ ដោយយោងតាមអ្នកតែងច្បាប់ហុងកុងលោក Paul Chan ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ផលប៉ះពាល់ពីបាតុកម្មមកលើសេដ្ឋកិច្ចហុងកុង មានភាពទូលំទូលាយ។ ជាមួយគ្នាដែរ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះជិត ៥០ភាគរយក្នុងខែតុលាដែលអ្នកជំនាញចាត់ទុកថា ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្ន។
ក្រៅពីនេះ អាជីវកម្មផ្សេងៗរាប់ចាប់ពីផ្សារទំនើបដល់អាជីវកម្មគ្រួសារ ត្រូវបង្ខំចិត្តបិទទ្វារអស់រយៈពេលជាច្រើនថ្ងៃក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ជាការឆ្លើយតប អាជ្ញាធរបានប្រកាសពីវិធានការណ៍នានាដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក តែលោក Changនិយាយថា វិធានការណ៍នេះអាចត្រឹមតែកាត់បន្ថយសម្ពាធបន្តិចប៉ុណ្ណោះ។ នេះជាការធ្លាក់ចុះសេដ្ឋកិច្ចក្នុងទីក្រុងលើកដំបូងបង្អស់ ដែលមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
គួរឲ្យដឹងថា ការតវ៉ានៅហុងកុង ត្រូវបានអូសបន្លាយអស់រយៈពេលជាង ៥ខែមកហើយ បើទោះបីជាមកទល់ពេលនេះ ច្បាប់បត្យាប័នថ្មីត្រូវបានលុបចោលក៏ដោយ ហើយឈានដល់់អំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទៀតផង៕ធ.ដ