សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់អូរឬស្សីទី២
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរ សង្កាត់ អូឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះសម្តេចភក្តីបានសាកសួរសុខទុក្ខអំពីស្ថានភាពការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាមន្ត្រី ជាកងម្លាំងនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចប្រធានក្រុមការងារបានកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីកងកម្លាំងនិងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់ ហើយបានយកចិត្តទុកដាក់ចំពោះការងារបម្រើសេវា សាធារណៈជូនប្រជាជន និងបំពេញការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ ប្រកបដោយសុខសុវត្ថិភាព រួមទាំងការងារគ្រប់គ្រងអនាម័យ បរិស្ថានផងដែរ។
សម្តេចបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ចក៏ដូចជាការងារបម្រើសេវាសាធារណៈឲ្យកាន់តែល្អយកចិត្តទុកដាក់បន្ថែមលើការងាររក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋសូមរួមសាមគ្គីប្រមូលផ្តុំកម្លាំងវិធានការនិងមធ្យោបាយសរុបដើម្បីអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

សម្តេច ក៏បានរំលឹកផងដែរពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលកាន់តែខិតជិតណាស់ហើយហេតុនេះទាំងអស់គ្នាត្រូវតែក្តាប់ជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតដែលថ្នាក់លើបានដាក់ចុះ និងក្តាប់ជាប់ហើយតាមដានអនុវត្តឲ្យបានល្អតាមប្រតិទិន នៃការបោះឆ្នោតដែល គ.ជ.ប បានដាក់ចុះ។ ចំពោះរាល់បញ្ហាប្រឈមការលំបាកខ្វះខាតដែលមូលដ្ឋានបានជួបប្រទះត្រូវរួសរាន់ដោះស្រាយឲ្យបានឆាប់រហ័ស និងមានតម្លាភាព។ បញ្ហាណាដែលហួសសមត្ថកិច្ចសង្កាត់ដោះស្រាយ សូមប្រញាប់រាយការណ៍សុំយោបល់ ដឹកនាំដោះស្រាយពីថ្នាក់លើ។
ចំពោះស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ « ការដកចេញនូវវិធានការពាក់ម៉ាស នៅតាមទីសាធារណៈ …» ដូចប្រសាសន៍ សម្តេចតេជោបានប្រកាសថ្មីៗនេះ គឺអាស្រ័យដោយរាជរដ្ឋាភិបាល បានសង្កេតឃើញថា អត្រានៃការឆ្លង កូវីដ ១៩ នាពេលបច្ចុប្បន្ននេះកាន់តែចុះទាបទៅ តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នៅតែលើកទឹកចិត្ត ឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យឬកន្លែងដែលមានមនុស្សច្រើន។
សម្តេចប្រធានក្រុមការងារ បានផ្តាំផ្ញើការសួរសុខទុក្ខចំពោះ មន្ត្រី និងប្រជាពលរដ្ឋយើងនៅមូលដ្ឋានសង្កាត់អូឫស្សីទី២ និងបានផ្តាំផ្ញើពីកត្តាសំខាន់បំផុត ដែលមិនអាចខ្វះបាន និងដែលនឹងនាំមកនូវជ័យជំនះក្នុងគ្រប់ភារកិច្ចការងារ នោះគឺកត្តាសាមគ្គីភាព ឯកភាពគឺត្រូវតែរឹងមាំជានិច្ច៕
ដោយ៖ពលជ័យ


