កម្មវិធីសប្បុរសធម៌បែបទំនើប “អ្នកជាវីរបុរស” របស់វីតាល់ បានត្រលប់មកវិញជាថ្មីម្ដងទៀត ក្រោយរៃអង្គាសបានថវិកាជាង៨ពាន់ដុល្លារ បរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
ភ្នំពេញ៖ បន្ទាប់ពីទទួលបានភាពជោគជ័យជាខ្លាំងលើគម្រោង “អ្នកជាវីរបុរស” កាលពីខែមេសាកន្លងទៅនេះ ដោយបានរៃអង្គាសបានថវិកា៨,៦៥០ដុលា្លរបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ វីតាល់បានសម្រេចបន្តគម្រោងសប្បុរសធម៌ «អ្នកជាវីរបុរស» ជាលើកទី២ ដោយមានការសំណូមពរជាច្រើនពីអតិថិជន ក៏ដូចជាប្រិយមិត្តនៅតាមបណ្ដាញសង្គម ដែលបានបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅផ្សារទំនើបអ៊ីដេនហ្គាដិន រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ”វីតាល់” បានមានប្រសាសន៍ថា ផ្អែកលើមូលនិធិ២៥៛ វីតាល់បានបង្កើតកម្មវិធីសប្បុរសធម៌បែបទំនើបនេះជាលើកទី២ ហើយលោកជំទាវសង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលរួមពីអ្នកគាំទ្រគ្រប់ទិសទីអោយបានកាន់តែច្រើនជាងមុន។ លើសពីនេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់អតិថិជនវីតាល់ ដែលតែងតែចូលរួមចំណែកនៃគ្រប់ការងារមនុស្សធម៌ និងស្នើសុំឲ្យមានការចូលរួមគាំទ្រគម្រោងមួយនេះ ដើម្បីអាចឱ្យវីតាល់ប្រមូលបានថវិកាសម្រាប់ជួយផ្គត់ផ្គង់ដល់មូលនិធិគន្ធបុប្ផា ក្នុងកិច្ចការងារគាំពារ និងព្យាបាលកុមារកម្ពុជាឲ្យបានប្រសើរ។

នាឱកាសនោះដែរ លោកជំទាវ ងួន សុខា នាយិកាប្រតិបត្តិមូលនិធិគន្ធបុប្ផាបានសម្តែងក្តីសប្បាយរីករាយ ដោយមោទនភាពចំពោះការសហការជាមួយវីតាល់សម្រាប់គម្រោងកម្មវិធី «អ្នកជាវីរបុរស» លើកទី២។ លោកជំទាវបន្តថា កម្មវិធីនេះ មិនត្រឹមតែជួយផ្សព្វផ្សាយ អំពីមូលនិធិគន្ធបុប្ផាកម្ពុជាដល់ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ឱកាសដល់សាធារណជនចូលរូមក្នុងការបរិច្ចាគចូលក្នុងមូលនិធិសម្រាប់មន្ទីរពេទ្យថែមទៀតផង។ លោកជំទាវក៏បានស្ងើចសរសើរដល់ក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនក្នុងស្រុកគំរូ យកចិត្តទុកដាក់ចំពោះសកម្មភាពមនុស្សធម៌ជាច្រើន ជាពិសេសជាមួយមូលនិធិគន្ធបុប្ផា។ ចំពោះថវិកាដែលបានបរិច្ចាគលើកនេះ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពបំផុតសម្រាប់កុមារកម្ពុជា។

សូមជម្រាបថា នេះជាគម្រោងថ្មីមួយរបស់វីតាល់ ដើម្បីរៃអង្គាសថវិកាផ្គត់ផ្គង់ដល់មន្ទីរពេទ្យគន្ធបុប្ផាបន្តបន្ទាប់គម្រោងជាច្រើនដែលបានធ្វើឡើងកន្លងមកដូចជា ការជិះកង់ប្រចាំឆ្នាំនៅខេត្តសៀមរាប ការចុះឈ្មោះបុគ្គលិកទាំងអស់របស់វីតាល់ចំនួន៨០៨នាក់ជាសមាជិកប្រចាំឆ្នាំ រួមនឹងសកម្មភាពដទៃជាច្រើនទៀត។ “អ្នកជាវីរបុរស” គឺជាគម្រោងសប្បុរសធម៌មួយផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទៅអាចរួមចំណែក ក្នុងការបរិច្ចាគជាថវិកាជាលក្ខណៈបុគ្គលចូលក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ដោយគ្រាន់ជាវទឹកវីតាល់ តាមទូលក់ភេសជ្ជៈស្វ័យប្រវត្តិទាំង១៨ទូនៅទូទាំងរាជធានី។

គម្រោងលើកទី២នេះ មានរយៈពេល១ឆ្នាំពេញ ដោយយើងរំពឹងថា នឹងទទួលបានថវិកាកាន់តែច្រើនជាងមុន ដើម្បីបំពេញតម្រូវការដល់ការប្រើប្រាស់មន្ទីរពេទ្យគន្ធបុប្ផា។ ការបង្កើតគម្រោងនេះឡើងគឺផ្អែកលើគោលបំណងធំៗ៣គឺ៖
១)ដើម្បីពង្រឹងវប្បធម៌ចែករំលែកជាលក្ខណៈបុគ្គល
២)ផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងម៉ាស៊ីនបែបទំនើប
និង៣)ប្រមូលថវិកាតាមរយៈការលក់ទឹកចូលរួមចំណែកក្នុងការជួយព្យាបាលកុមារក្រីក្រកម្ពុជាជាមួយមន្ទីរពេទ្យគន្ធបុប្ផា៕ធ.ដ
