ប្រធានសភាអង់គ្លេសរារាំងការបោះឆ្នោតថ្មីលើកិច្ចព្រមព្រៀង Brexit ឬការចាកចេញពីសហភាពអឺរ៉ុប
អង់គ្លេស៖ ប្រធានសភាអង់គ្លេស លោក John Bercow បានទប់ស្កាត់រដ្ឋសភា មិនឱ្យបោះឆ្នោតជាថ្មីទៀតលើសំណើដកអង់គ្លេស ចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ឬ Brexit ។ ការទប់ស្កាត់នេះ គឺជាការបរាជ័យចុងក្រោយបំផុត សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលខំប្រឹងប្រែងដកចក្រភពមួយនេះចេញពីសហភាពអឺរ៉ុប ។

កាលពីសប្ដាហ៍មុន លោក Boris Johnson បានធ្វើកិច្ចព្រមព្រៀង Brexit មួយ ជាមួយប្រទេសទាំង២៧ទៀតដែលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែ ក្រុមតំណាងរាស្ត្រអង់គ្លេសបានបោះឆ្នោតពន្យារការគាំទ្ររបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងនោះ រហូតដល់ពេលមានការអនុម័តច្បាប់ ដែលចែងអំពីលក្ខខណ្ឌនានា ក្នុងការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប ក្រោយពីអង់គ្លេស បានចូលជាសមាជិកនៃប្លុកនេះ អស់រយៈពេល៤៦ឆ្នាំមកហើយ ។

រហូតមកដល់ពេលនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ថាតើរដ្ឋាភិបាលអង់គ្លេសមានសំឡេងឆ្នោតគាំទ្រ ឬ ពេលគ្រប់គ្រាន់ដើម្បីអនុម័តច្បាប់ មុនពេលដែលអង់គ្លេសគ្រោងចាកចេញពីសហភាពអឺរ៉ុបត្រឹមថ្ងៃទី៣១ខែតុលានេះ ៕ធ.ដ

