គ្រោះរំាងស្ងួតដ៏អាក្រក់បំផុតនៅប្រទេសហ្ស៊ីមបាបវ៉េ ផ្តាច់ជីវិតដំរី៥៥ក្បាលហើយ
អត្ថបទដោយ៖
Kien Sereyvuth
ហ្ស៊ីមបាបវ៉េ៖ ក្នុងរយៈពេល២ខែមកនេះ សត្វដំរី៥៥ក្បាលហើយបានងាប់នៅក្នុងឧទ្យានជាតិ Hwange National Park ដោយសារតែគ្រោះអត់ឃ្លានដែលបង្កឡើងដោយគ្រោះរាំងស្ងួតមួយដ៏អាក្រក់បំផុត នេះបើតាមអាជ្ញាធរហ្ស៊ីមបាបវ៉េ ។
បើតាមប្រភពដដែលនេះ ឧទ្យានជាតិ Hwange National Park មានសត្វដំរីជាង ៥ម៉ឺនក្បាល ប៉ុន្តែឧទ្យានមួយនេះ អាចដោះស្រាយបញ្ហាសត្វដីរីបានតែ១ម៉ឺន៥ពាន់ក្បាលប៉ុណ្ណោះ ។
យ៉ាងណាមិញ គ្រោះរាំងស្ងួតបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវរុក្ខជាតិជាចំណីរបស់សត្វព្រៃ ព្រមទាំងដំណាំដាំដុះនានាសម្រាប់ប្រជាជននៃប្រជាជាតិអាហ្វ្រិកមួយនេះ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ។ ហើយកាលពីខែសីហាកន្លងទៅនេះ កម្មវិធីស្បៀងអាហារពិភពលោកបានបញ្ជាក់ថា ប្រជាជនហ្ស៊ីមបាបវ៉េជាង២លាននាក់កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ៕ធ.ដ