ប្រមុខដឹកនំាមន្ទីរបញ្ចកោណនិយាយថា សហរដ្ឋអាមេ៉រិកនឹងបញ្ជូនកងកម្លាំងដែលដាក់បញ្ឈរជើងនៅស៊ីរីទៅកាន់ភាគខាងលិចប្រទេសអ៊ីរ៉ាក់
សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក ម៉ាក អេសស្ពើ បានថ្លែងថា កងកម្លំាងប្រមាណ១ពាន់នាក់ដែលដកចេញពីភាគឦសានប្រទេសស៊ីរី នឹងត្រូវបញ្ជូនទៅដាក់ពង្រាយនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់វិញ និងបន្តប្រតិបត្តិការប្រយុទ្ធប្រឆំាងជាមួយក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់នោះ នេះបើតាមសេចក្តីរាយការណ៍របស់មន្ទីរបញ្ចកោណនៅថ្ងៃអាទិត្យម្សិលមិញ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន អំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ប្រមុខដឹកនំាក្រសួងការពារជាតិអាមេ៉រិករូបនេះ មិនបានបដិសេធនឹងលទ្ធភាព នៃការធ្វើការវាយឆ្មក់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មពីប្រទេសអ៊ីរ៉ាក់ចូលទៅក្នុងប្រទេសស៊ីរីនោះទេ ។ ប៉ុន្តែលោកបានថ្លែងថា នឹងមានផែនការជាបន្ដបន្ទាប់ ហើយក៏នឹងមានការពិភាក្សាជាមួយនឹងក្រុមសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំអង្គការអូតង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សហរដ្ឋអាមេ៉រិកមានកងកម្លាំងប្រមាណ៥ពាន់នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងបាដាដ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។ សហរដ្ឋអាមេ៉រិកបានដកកងកម្លាំងចេញកាលពីឆ្នាំ២០១១ នៅពេលដែលប្រតិបត្តិការប្រយុទ្ធនៅទីនោះបានបញ្ចប់ ប៉ុន្តែបានត្រឡប់ទៅវិញក្នុងរយៈពេល៣ឆ្នាំក្រោយ នៅពេលដែលក្រុមរដ្ឋឥស្លាមកាន់កាប់បានតំបន់មួយចំនួនធំនៅក្នុងប្រទេស មុនពេលដែលបាត់បង់ដែនដីមួយចំនួនទៅវិញ ៕ធ.ដ