ក្រុមហ៊ុន China Rocket រំពឹងថា នឹងរកចំណូលបានជាង១.៤ពាន់លានដុល្លារ តាមរយៈការផ្តល់សេវាបង្ហោះគ្រាប់រ៉ុក្កែត

ចិន៖ China Rocket គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយក្នុងចំណោមក្រុមហ៊ុនប្រមាណជាង១៥០ ដែលស្ថិតក្នុងវិស័យពាណិជ្ជកម្មផ្នែកអវកាសរបស់ប្រទេសចិន ហើយក្នុងអំឡុងពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននេះគ្រោងនឹងរកចំណូលឲ្យបាន១០ពាន់លានយ័ន ឬស្មើនឹងជាង១.៤ពាន់លានដុល្លារ តាមរយៈការផ្តល់សេវាបង្ហោះគ្រាប់រ៉ុក្កែត ។

របាយការណ៍ខាងលើ ត្រូវបានបង្ហាញឱ្យដឹងស្របពេលដែលក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែតចិនមួយនេះ ទើបតែបានបញ្ចេញផែនការសម្រាប់ការធ្វើតេស្តនាពេលខាងមុខនៃស៊េរីគ្រាប់រ៉ុក្កែត ស្មាត ដ្រាហ្គិន របស់ខ្លួន ដែលនឹងប្រើក្នុងវិស័យពាណិជ្ជកម្ម ។ ម៉ូលដែលដំបូងគេនៃស៊េរីគ្រាប់រ៉ុក្កែតនេះ គឺ ស្មាតដ្រាហ្គិនវ័ន ដែលបានបញ្ចប់ការសាកល្បងបាញ់បង្ហោះលើកទីមួយរបស់វាដោយជោគជ័យ កាលពីខែសីហាកន្លងទៅនេះ ។

ដោយឡែកម៉ូដែល ស្មាត ដ្រាហ្គិនធូ បើតាមផែនការខាងលើ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តបាញ់បង្ហោះជាលើកដំបូងនៅឆ្នាំ២០២០ ខណៈការបាញ់សាកល្បង ស្មាត ដ្រាហ្គិន ស៊្រី ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១ខាងមុខ ។ គ្រាប់រ៉ុក្កែតទាំងនេះ មានបំពាក់យានអវកាស ដែលអាចដឹកជញ្ជូនផ្កាយរណប ដែលមានទម្ងន់ខុសៗគ្នាយកទៅកាន់រយៈកម្ពស់ផ្សេងៗគ្នាបាន ហើយពួកវាក៏នឹងប្រើបច្ចេកវិទ្យាអាចប្រើប្រាស់ឡើងវិញបានផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner