ក្លិបកីឡាវាយកូនគោល CGA មិនត្រឹមតែផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីមិនមែន អាជីពនោះទេ ថែមទាំងផ្តល់ឱកាសយុវជន ចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពផងដែរ
ប្រធានក្លិបកីឡាវាយកូនគោល ឯកឧត្តម ឯក វណ្ណឌី CGA បានអះអាងថា ការប្រកួតកីឡាវាយកូនគោល ដែលប្រសិទ្ធនាមថា ពានរង្វាន់សាលាអន្តរជាតិវេស្ទើន លើកទី១៦ ដែលរៀបចំដោយក្លិបកីឡាវាយកូន CGA ទាក់ទាញបានកីឡាករ កីឡាការិនី ៩៦ចូលរួម នៅទីលាន Grand Phnom Penh កាលពីចុងសប្តាហ៍កន្លងទៅ។
ប្រធានក្លិប CGA រូបនេះ បានចាត់ទុកថា ចំនួនចូលរួមឆ្នាំ គឺជាជោគជ័យលើសការរំពឹងទុក និងមានការកើនឡើងបើធៀបនឹងឆ្នាំមុន។ ឯកឧត្តមបញ្ជាក់បន្ថែថា ពាន CGA លើកទី១៦នេះ ក្លិបបានសហការជាមួយសហព័ន្ធកីឡាវាយកូនហ្គូល បានផ្តល់ឱកាសដល់កីឡាករ កីឡាការិនីយុវជនថ្នាលចំនួន៨នាក់ បានចូលរួមប្រកួតប្រជែងដុសខាត់សមត្ថភាព ក្រោយពីការទទួលបានការបំពាក់បំប៉នពីសហព័ន្ធផ្ទាល់ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅប្រកួតប្រជែងប្រកបដោយគុណភាព ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសត្រៀមប្រកួតតំណាងឲ្យកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ផងដែរ។
ប្រធានក្លិបរូបនេះ ពន្យល់ទៀតថា ព្រឹត្តិការណ៍ប្រកួតដែលក្លិបបានរៀបចំ មិនត្រឹមតែជំរុញអភិវឌ្ឍន៍សមត្ថភាពកីឡាករការិនីប៉ុណ្ណោះនោះទេ វាក៏ជាព្រឹត្តិការណ៍ប្រកួតមួយបង្កើតបរិយាសកាស ជួបជុំផ្សារភ្ជាប់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាងអ្នកវិនិយោគទុនជាតិ និង អន្តរជាតិ ជាមួយមន្រ្តីរដ្ឋាភិបាលផងដែរ។
គួររម្លឹកថា ក្លិបកីឡាវាយកូនគោល CG A គឺជាក្លិបកីឡាវាយកូនគោលដំបូងគេ នៅកម្ពុជា ដែលបង្កើតឡើង ដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីកម្ពុជា ទាំងកីឡាករអាជីព កីឡាករមិនមែនអាជីព ជាពិសេសកីឡាករ កីឡាការិនីវ័យក្មេង ពង្រឹងសមត្ថភាពអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាកជំនាញ នៅពេលខាងមុខ។
សូមបញ្ជាក់ថា ចំពោះលទ្ធផលប្រកួតវិញ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ដែលប្រសិទ្ធនាមថា ពានរង្វាន់ សាលាអន្តរជាតិវេស្ទើន លើកទី១៦នេះ ចំណាត់ថ្នាក់លេខ១ ពានធំ កីឡាករ ឈិន ចាន់សង្ហា,លេខ១ Flight Premier កីឡាករ ស៊ុយ ស៊ីថា ,លេខ១ផ្នែក Flight A កីឡាករ មួង សិលា, លេខ១ផ្នែក Flight B កីឡាករ ផូ ផារិទ្ធ ,លេខ១ Flight Senior កីឡាករ ទា វិញ និង,លេខ១ ផ្នែក Junior កីឡាករ រិន ឆាងសុធារិទ្ធ៕ធ.ដ