ទូក ង ប្រណាំងមិនដែលចាញ់ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ បានជួស ជុលជាង៩០%ហើយ ប្រធានគណៈកម្មទូកអំពាវសប្បុរសជនមេត្តាជួយឧត្ថមដល់ក្រុមកីឡាករសម្រាប់ការហ្វឹកហាត់ និងចូលរួមប្រកួតថ្នាក់ជាតិ នៅពេលខាងមុខនេះ
ខេត្តកំពង់ឆ្នាំង៖ ទូក ង ប្រណាំងមិនដែលចាញ់ លេខ១ទាំងល្បឿន និងសោភ័ណ្ឌភាពដ៏ស្រស់ស្អាត ឈ្មោះ “ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ” មកដល់ពេលនេះជួសជុលបានប្រមាណជាង៩០%ហើយ នៅសល់តែការធ្វើចែវ គូ លាបថ្នាំ និងឆ្លាក់អក្សរលើទូក អាចនិងរួចរាល់រយៈពេល៣-៤ថ្ងៃទៀតតែប៉ុណ្ណោះ ។ ទូកនេះ ស្ថិតនៅក្នុងវត្តវិហារហ្លួង ហៅវត្តផ្សារ ក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
លោក សេង ប៊ុនហេង ប្រធានគណៈ
កម្មាធិការគ្រប់គ្រងទូក ង ព្រះទីនាំងអន្ដាយសារាយអណ្តែតចង្ហាន់ហុយ និងជាអ្នករាំលើក្បាលទូក ឲ្យដឹងថា៖ ទូកង ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ មានបណ្ដោយប្រវែង 29,30ម៉ែត្រ មានចំណុះជើងចែវ 48 ជើងចែវបូកទាំងអ្នករាំក្បាលទូកម្នាក់សរុបផ្ទុកកីឡាករលើទូក49នាក់ ។ ក្នុងការជួសជុលជាងកន្លះខែនេះ បានចំណាយថវិការជាង៣លានរៀល ដែលបានមកពីការរៃអង្គាសពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
បើគិតមកដល់ពេលនេះក្នុងការជួសជុលបានរួចរាល់ជាង 90% ហើយ អាចនឹងរួចរាល់ត្រឹម៣-៤ថ្ងៃទៀត ព្រោះនៅសល់តែការលាបថ្នាំ គួរអក្សរ និងធ្វើចែវ តែប៉ុណ្ណោះ។ ទូកនេះតាមគ្រោងទុកនឹងចុះទឹកដើម្បីធ្វើការហ្វឹកហាត់នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ ។
ប្រធានគណៈកម្មការទួកង ព្រះទីនាំងសារ៉ាយអណ្តែតចង្ហាន់ហុយ បានបញ្ជាក់ថា៖ ទូកងមួយនេះមិនដែលស្គាល់ពាក្យថា៖ចាញ់ឬ ធ្លាក់ដល់លេ២ម្តងណាទេ ឆ្នាំណាក៍ទទួលបានលេខ១ និងទទួលពាន្តរង្វាន់ពី ព្រះករុណាដែរ ជាងនេះទៅទៀត ទួក ង មួយនេះក៍ទទួលបានជ័យលាភី លើសោភ័ណ្ឌភាពរាល់ឆ្នាំដែរ ។ ប៉ុន្តែបញ្ហាដែលកំពុងតែលំបាកសព្វថ្ងៃនេះគឺកង្វះថវិការសម្រាប់ក្រុមកីឡាករ ក្នុងការហ្វឹកហាត់ និងពេលចេញទៅប្រកួត ក្នុងនាមរូបលោក ជាប្រធានគណៈកម្មការទូក សូមអំពាវនាវដល់សប្បុជន នៅក្នុងស្រុក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានចូលរួមជួយឧបត្ថម្ភក្នុងឆ្នាំមុនៗកន្លងមក សូមមេត្តាជួយឧបត្ថម្ភដល់ក្រុមកីឡាករ ទូកង ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ នេះ ដោយសេចក្តីអនុគ្រោះ និងសួមទទួលបានផល្លានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។
គួររំឮកថា៖ តាមការនិទានតៗគ្នាពីព្រឹទ្ឋចារ្យថា៖ ទូកង ព្រះទីនាំងសារ៉ាយអណ្តែតចង្ហាន់ហ៊ុយនេះ មានតាំងពីយូលង់ណាស់មកហើយ ក្នុងវត្តវិហារហ្លួង នេះ កាលដើមមានព្រះសង្ឃទ្រង់និមន្តបិណ្ឌបាតតាមទូកនេះឆ្លងកាត់ទន្លេសាបដល់ខេត្តសៀមរាប និងពេលនិមន្តត្រឡប់មកវិញ ចង្ហាន់(បាយ) នៅក្តៅហុយៗនៅឡើយ គឺដោយសារតែទូកមានល្ពឿនលឿន ចំណែកក្នុងការ ចតទូកដាក់នៅមាត់កំពង់ មានដំរីមួយក្បាល បានយកសារ៉ាយមកគ្របពីលើទូកដើម្បីកុំអោយក្តៅ ។ទើបទូកនេះមានព្រះនាម “ ព្រះទីនាំងសារ៉ាយអណ្តែតចង្ហាន់ហុយ “ និងល្បីរន្ទឺ តាំងពីពេលនោះមកដល់បច្ចុប្បន្ន៕ សុខ គឹមសៀន