ព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដំបូងគេបង្អស់នៅកម្ពុជា នឹងធ្វើឡើងនៅខេត្ត សៀមរាប នាដើមខែធ្នូចុងឆ្នាំនេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Motorrad Angkor Festival 2019 ដំបូងគេ ដែលមានក្រុមម៉ូតូនានា មកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួនទៀត ដែលមានកីឡាករសរុបប្រមាណជាង ១,០០០នាក់ ដែលចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ២០១៥ នៅទល់មុខ សណ្ឋាគារសុខា សៀមរាបរីសត ខេត្តសៀមរាប ។
បើតាមការឲ្យដឹងពីលោក អ៊ុ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcyl Club Cambodia ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះ នៅក្នុងសន្និសិទសារព័ត៌មាន នាព្រឹកមិញ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបង្កើតឡើង ដើម្បីជួបជុំក្រុមម៉ូតូក្នុងស្រុកអស់ ជាមួយនឹងក្រុមម៉ូតូមកពីប្រទេសជិតខាង ជាពិសេសដើម្បីរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៌ ថែមទៀតផង។
លោក អ៊ុ ប៊ុនរ៉េត បានថ្លែងថា «គោដៅនៃ ព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ ដែលបានបង្កើតជាក្រុមដោយបានចុះបញ្ជីក្នុងសហព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍សីលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។ ជាពិសេសព្រឹត្តិការណ៍នេះនឹងដើរទួលនាទីសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក ៕ធ.ដ