ក្រសួងមហាផ្ទៃរកឃើញភាពមិនប្រក្រតីក្នុងការតែងតែងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន (Video Inside)
ក្រសួងមហាផ្ទៃ បានប្រាប់គណបក្សភ្លើងទៀន ត្រូវពិនិត្យឡើងវិញ និងអនុវត្តឱ្យត្រឹមត្រូវតាម លក្ខន្ដិកៈ ក្រោយការរកឃើញថាការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្សមិនបានត្រឹម ត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយនោះឡើយ។
លិខិតបានសរសេរ ប្រាប់គណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិនៃច្បាប់ ស្តីពីគណបក្ស នយោបាយ ពាក់ព័ន្ធនឹងករណីមិន ប្រក្រតី ក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សប្រឆាំងនេះ។
យោងតាមលិខិតក្រសួងមហាផ្ទៃ ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណ បក្សភ្លើងទៀន គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្សដែល បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តី ពីគណបក្សនយោ បាយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បាន បញ្ជាក់ប្រាប់សារ ព័ត៌មានក្នុងស្រុកបន្ថែមថា ការតែងតាំង លោក សុន ឆ័យ មានភាពមិនប្រក្រតី ដោយមិនបានអនុវត្តឱ្យត្រឹមត្រូវទៅតាមលក្ខន្តិកៈ ដែលតម្កល់នៅក្រសួងមហាផ្ទៃ នោះទេ។
លោក សុន ឆ័យ ដែលជាអតីតតំណាងរាស្រ្តរបស់គណបក្សប្រឆាំង ត្រូវបាន ព្រះមហាក្សត្រ ខ្មែរ បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទាធ្វើនយោបាយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា៕