សម្តេចតេជោ ហ៊ុន សែន អបអរសាទរដំណើរការឃោសនាដែលគ្មានអំពើហិង្សា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះដំណើរការល្អនៃសកម្មភាពឃោសនា គណបក្សនយោបាយនៅមុនការបោះឆ្នោតឃុំនិងសង្កាត់ ចាប់តាំងពីថ្ងៃបើកដំណើរការ រយៈ ពេល៥ថ្ងៃរួចមកនេះ។ សម្តេចបានថ្លែងតាមសារសម្លេងអំពាវនាវការរក្សាស្ថានភាពល្អដដែល នេះបន្តថែមទៀត នៅមុនការបោះឆ្នោតនឹងមកដល់ថ្ងៃទី៥មិថុនា។
នៅថ្ងៃទី២៥ឧសភានេះផងដែរ, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបន្តអំពាវនាវ ដល់គណបក្សដែលឃោសនាត្រូវរក្សាខ្ជាប់ខ្ជួនការអនុវត្តច្បាប់, គោរពគោលការណ៍ និងកម្មវិធីនយោបាយរបស់ខ្លួន។
គជប បានហាមការទិញទឹកចិត្តអ្នកបោះឆ្នោតតាមរយៈការផ្តល់ មធ្យោបាយជាថវិកា, ការផ្តល់សម្ភារៈបរិក្ខា ឫមធ្យោបាយផ្សេងៗដែលផ្ទុយនឹងច្បាប់ឃោសនា ។ មន្ត្រីគជប បានព្រមានថា គេបានកត់សម្កាល់ឃើញមាននូវសកម្មភាពមិនត្រឹមត្រួវមួយ ចំនួនរបស់គណបក្សនយោបាយ ដែលអាចនាំអោយបំពានលើបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
មន្ត្រី គជបបានថ្លែងថា ដើម្បីធ្វើអោយការ ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅបានរលូន និងស្របតាមច្បាប់ គជប សូមធ្វើការណែនាំដល់គណបក្សនយោបាយ និង បេក្ខជនទាំងអស់ នូវលក្ខខណ្ឌមួយ ចំនួន ដោយមិនត្រួវធ្វើការឃោសនា ឫផ្សព្វផ្សាយរូបភាព វីដេអូ ឫសំឡេង ឫសារនយោ បាយដែលមានលក្ខណៈជេរប្រមាថជាសាធារណៈចំពោះគណបក្សនយោបាយណាមួយ ឬ ចំពោះបេក្ខជនឈរឈ្មោះ ឫញុះញុងអោយមានការរើសអើងឡើយ ។