ប្រមុខរាជរដ្ឋាភិបាលបន្តអំពាវនាវការចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)
កម្ពុជាត្រៀមនឹងចាក់ដូសទី៥នៅសប្តាហ៍ក្រោយនេះហើយ ខណៈការចាក់វ៉ាក់សាំងដូស ជម្រុញនានានៅតែបន្តគ្មានថ្ងៃលោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ដាស់តឿនថា វ៉ាក់សាំងដូសជម្រុញ គឺជាវិធីចាំបាច់បំផុតក្នុងការជួយទប់ស្កាត់ការឆ្លងរាល ដាលជម្ងឺកូវីដ១៩ ខណៈវីរុសរាតត្បាតនេះ នៅតែបន្តការគំរាមកំហែងពិភពលោកនៅឡើយ ទេ។
ការចាប់ផ្តើមចាក់ដូសទី៥ដែលត្រៀមធ្វើដំបូងពីរាជធានីភ្នំពេញ នឹងត្រូវធ្វើនៅថ្ងៃទី៩មិថុនា សប្តាហ៍ក្រោយនេះហើយ។ កម្ពុជាដោយសារតែគោលនយោបាយចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន តួលេខឆ្លងបានស្ថិតក្នុងសូន្យករណីរយៈពេល២៦ថ្ងៃជាប់គ្នាកន្លងមកនេះ។
យោងតាមក្រសួងសុខាភិបាលតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២ មិថុនា បានកើនដល់ចំនួន ១៥លាន ៤ម៉ឺន ២ពាន់ ៨៦៧នាក់ ដែលស្មើនឹង ៩៤,០២ ភាគរយ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបាន ចំនួន ២ម៉ឺន ៥៣០នាក់។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៤ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃ នេះមានចំនួន ២លាន ៥៤ម៉ឺន ៩ពាន់ ៥០៣នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ១ម៉ឺន ៣ពាន់ ៤៥៦នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ សរុបគិតរហូតមកទល់ពេល នេះបានចំនួន ៩លាន ២៣ម៉ឺន ៩ពាន់ ៨៣៣នាក់ ។ ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៤០ម៉ឺន ៨ពាន់ ៥៦២នាក់ ដែលស្មើនឹង ៦៦,៩០ភាគរយ នៃគោលដៅចំនួនកុមារ ដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស។