គ​.​ជ​.​ប ៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេល​១៤​ថ្ងៃ បិទ​បញ្ចប់​ដោយ​រលូន

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ នេះ ទោះបី​មាន​ករណីខ្លះ​បានកើតឡើងក្នុងអំឡុង ពេល​ឃោសនាបោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ដោយមាន​ការសម្របសម្រួល និង​ការ​អធ្យាស្រ័យ​គ្នា ទៅវិញទៅមក ទើប​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ ពុំមាន​ករណី​អំពើហិង្សា ឬ​ការគំរាមកំហែង​។​

ឯកឧត្តម សាយ សំអាល់ ក្នុងថ្ងៃបិទយុទ្ធនាការនៅស្រុកំពង់សិលា ខេត្តព្រះសីហនុ

​ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ​.​ជ​.​ប នៅព្រលប់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២២បានបញ្ជាក់ទៀតថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ និង​បានដាក់​ពង្រាយ​កម្លាំង​នៅតាម​ឃុំ សង្កាត់ ក្នុង​រាជធានី ខេត្ត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​រក្សា​របៀបរៀបរយ ជូន​គណបក្សនយោបាយ​ក្នុង​ការហែក្បួន​ឃោសនាបោះឆ្នោត​។ ក្នុង​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​ផែនការ​នេះ ឃើញថា ស្ថានភាព​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងពេល​ឃោសនាបោះឆ្នោត មាន​ភាពល្អប្រសើរ ពុំមាន​ករណី​អំពើហិង្សា ឬ​ការគំរាមកំហែង ឬ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង គួរឱ្យកត់សម្គាល់​ឡើយ​។ ដោយឡែក​ក្នុង​រយៈពេល ១៤ ថ្ងៃ​កន្លងមកនេះ ទោះបី​មាន​ករណីខ្លះ​បានកើត​ឡើង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ក៏ដោយ ប៉ុន្តែ​ដោយមាន​ការសម្របសម្រួល និង​ការ​អធ្យាស្រ័យ​គ្នា ទៅវិញទៅមក ទើប​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​គោរព​តាម​កម្មវិធី​របស់ខ្លួន ទោះបី​មានការ​អន់ថយ​នូវ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ ក៏​នៅតែ​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ សុខាភិបាល ៣​ការពារ ៣​កុំ ជាប់​ជានិច្ច​។​

​ប្រភព​ដដែល​​បន្តទៀតថា ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត នៅ​ថ្នាក់ គឃ​.​សប បានទទួល​ពាក្យបណ្តឹង សរុប​ចំនួន ៥២ បណ្ដឹង (​ករណី​ប្តឹង​សុំឱ្យ​ផ្ដន្ទាទោស​) ក្នុងនោះ​មាន សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ៣៣ បណ្តឹង , ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ១ បណ្តឹង បេក្ខជន​ឈរ​ឈោះ្ម​គណបក្ស ប្រជាជន​កម្ពុជា ១ បណ្តឹង , ប្រជាពលរដ្ឋ ៦ បណ្តឹង , អាជ្ញាធរ ១ បណ្តឹង​, ចៅសង្កាត់ ២ ប​ណ្តឹ , ង​មន្ត្រីរាជការ ១ បណ្ដឹង , សកម្មជន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ១ បណ្ដឹង , ប្រធាន​គណបក្ស​ភ្លើងទៀន ឃុំ​តា​លោ ១ បណ្តឹង និង​សកម្មជន​គណបក្ស​ភ្លើងទៀន ៥ បណ្តឹង​។ ក្នុងចំណោម​ពាក្យបណ្តឹង​ទាំង ៥២ នោះ មាន ២១ បណ្តឹង បាន​ប្តឹង​បន្តទៅ គ​ធ​.​ខ​ប និង ៦ បណ្ដឹង​បន្ត​ប្តឹង​មក គ​.​ជ​.​ប​។​

​គួរ​បញ្ជាក់ថា ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនាហើយ​រាល់​សកម្មភាព​ឃោសនា​ត្រូវគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី រួមទាំង​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប​។នៅ​ថ្ងៃទី​៥ ខែមិថុនា គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែលមាន​គណបក្សនយោបាយ​ចំនួន ១៧ បានដាក់​បេក្ខជន​ឈរឈ្មោះ​ចូលរួម​ប្រកួតប្រជែង​៕ ដោយៈ ពល​ជ័យ​

ads banner