គ​.​ជ​.​ប ៖ ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការឃោសនា​ប្រព្រឹត្តទៅ​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ​

​ភ្នំពេញៈ ថ្ងៃទី​៣ ខែមិថុនាឆ្នាំ​២០២២ ជា​ថ្ងៃទី​ដប់​បួន និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។ គណបក្សនយោបាយ​ដែលមាន​បញ្ជី​បេក្ខជន​ឈរឈ្មោះ បានធ្វើ​សកម្មភាព​ឃោសនា​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ខ្លួន តាម​កម្មវិធី​ដែល​គណបក្សនយោបាយ​នីមួយៗ​បានដាក់​ជូនគណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។​នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន
របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រលប់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃ
បិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

សកម្មភាពថ្ងៃបិទយុទ្ធនាការនៅក្រុងព្រះសីហនុ

​គ​.​ជ​.​ប បន្តថា ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ គណបក្សនយោបាយ​បានធ្វើ​សកម្មភាព​ឃោសនា​យ៉ាង​ផុលផុស​នៅ​ទូទាំងប្រទេស ជាពិសេស​មាន​សកម្មភាព​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​គួរឱ្យកត់សម្គាល់​។ ជាក់ស្ដែង​នៅ​រាជធានី​ភ្នំពេញ មាន​ការហែក្បួន​របស់​គណបក្សនយោបាយ​ចំនួន ៣ ដែលមាន​អ្នកចូលរួម​សរុប​ប្រមាណ ៥៣.៨០០ នាក់​។ រីឯ​នៅ​ខេត្តសៀមរាប មាន​ការហែក្បួន​របស់​គណបក្សនយោបាយ​ចំនួន ៣ ដែលមាន​អ្នកចូលរួម​សរុប​ប្រមាណ ៧២.០៦៤ នាក់​។ ដោយឡែក នៅ​ខេត្តស្វាយរៀង មាន​ការហែក្បួន​របស់​គណបក្សនយោបាយ​ចំនួន ៤ ដែលមាន​អ្នកចូលរួម​សរុប​ប្រមាណ ៣១.៣៦២ នាក់​។

​ប្រភព​ដដែល​បញ្ជាក់ថា ចំពោះ​សភាពការណ៍​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់គណបក្ស នយោបាយ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។

​សូមបញ្ជាក់​ជូន​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៧:០០​នាទី​ព្រឹក ដល់​ម៉ោង ៣:០០​នាទ​រសៀលមានគណបក្ស នយោបាយ​ចំនួន ១៧ បានដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស ភ្លើងទៀន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​កែទម្រង់​កម្ពុ​ជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្ពុជា​និយម គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​ខ្មែរ​តែមួយ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា គណបក្ស​ឯកភាព​ជាតិខ្មែរ គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៕ ដោយៈ ពល​ជ័យ​

ads banner