អ្នកវិភាគ៖ ប្រជាពលរដ្ឋជិត៨០% នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ និងការធ្វើជាក់ស្តែង
ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកវិភាគ បានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជិត៨០% នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំ និងរឹងមាំមួយ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ឈរលើមូលដ្ឋាននៃការធ្វើជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា ឈរលើមូលដ្ឋាន នៃសុខសន្តិភាព ដែលគណបក្សនាំមកជូនជាតិ និងប្រជាជន។ ជាពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គឺបានធ្វើឱ្យប្រជាជននៅតែបន្តការគាំទ្រ ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំឃុំ សង្កាត់ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស។

លោកបណ្ឌិត គិន ភា បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅថ្ងៃទី០៧ ខែមិថុនានេះ ថា បើផ្អែកទៅលើអត្រានៃការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺបានបង្ហាញឱ្យឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតចំពោះការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនេះជាមោទនភាពមួយនៃវឌ្ឍនភាពនៃដំណើរការប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន នៃប្រទេសកម្ពុជារបស់យើង ពីព្រោះយើងដឹងហើយថា ការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គឺមានសារៈសំខាន់ជាសារវន្ត ដោយសារការបោះឆ្នោតនេះ គឺជាការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងការជ្រើសរើសនៅតំណាងរបស់ខ្លួននៅមូលដ្ឋានផ្ទាល់ ដែលពួកគាត់អាចស្គាល់ អាចដឹង និងទុកចិត្តបានទៅលើបេក្ខជនមកពីគណបក្សនយោបាយនានាដែលឈរឈ្មោះបោះឆ្នោតនៅក្របខ័ណ្ឌឃុំ សង្កាត់របស់គាត់។ ពីព្រោះយើងឃើញថា បេក្ខជនដែលមកពីគណបក្សនានាដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សា ឃុំ សង្កាត់នោះ គឺជាប្រជាជន ដែលរស់នៅភូមិ ឃុំ ជាមួយគាត់ ហើយប្រជាពលរដ្ឋអាចនឹងស្គាល់ អាចនឹងដឹងឥរិយាបថ អំពីសមត្ថភាព បទពិសោធន៍ និងសុឆន្ទៈរបស់បេក្ខជនទាំងអស់នោះក្នុងការបម្រើប្រជាពលរដ្ឋ។ ដូច្នេះអត្រានៃអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង៨០% គឺបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរស្វាគមន៍ និងគាំទ្រការរៀបចំការបោះឆ្នោត គាំទ្រការជ្រើសរើសថ្នាក់ដឹកនាំដោយការប្រើប្រាស់សន្លឹកឆ្នោត មិនមែនការជ្រើសរើសថ្នាក់ដឹកនាំ មេដឹកនាំនៅថ្នាក់ដឹកនាំដោយភាគីផ្សេងដែលក្រៅពីសន្លឹកឆ្នោតនោះទេ ហើយបង្ហាញពីភាពជោគជ័យមួយនៃការរៀបចំការបោះឆ្នោតរបស់គ.ជ.ប។ វាក៏ជាជោគជ័យមួយនៃដំណើរការប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅក្នុងប្រទេសកកម្ពុជាទាំងមូល ហើយក៏ជាផ្នែកដ៏សំខាន់ក្នុងការកែទម្រង់អភិបាលកិច្ចមូលដ្ឋាន សំដៅបង្ខិតសេវាកាន់តែកៀកជាមួយប្រជាពលរដ្ឋ។ ការលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈយន្តការនៃការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ កន្លងមកនេះ។

ពាក់ព័ន្ធលទ្ធផលនៃការរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ លោកបណ្ឌិត គិន ភា កត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជិត៨០% នៅតែបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំ និងរឹងមាំមួយនេះ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ ឈរលើមូលដ្ឋាននៃការធ្វើជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា ឈរលើមូលដ្ឋាននៃសុខសន្តិភាព ដែលគណបក្សនាំមកជូនជាតិ និងប្រជាជន។ ជាពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ប្រជាជនកម្ពុជា គឺបានធ្វើឱ្យប្រជាជននៅតែបន្តការគាំទ្រ ហើយបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាបន្តដឹកនាំឃុំ សង្កាត់ ស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយដែលមានសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងច្រើន លើសលប់នៅតែកាន់កាប់ ដោយគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិតបញ្ជាក់ថា និយាយជារួមការគាំទ្ររបស់ប្រជាពលរដ្ឋទៅលើគណបក្ស ប្រជាជនកម្ពុជា គឺទី១.គុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល។ ទី២.គណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ទី៣.គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គដ៏សំខាន់នៅក្នុងដំណើរការចរចាសន្តិភាព រហូតមានកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៣ តុលា ១៩៩១។ ជាបន្តបន្ទាប់មកទៀត ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបាននាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិកម្ពុជា ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ គឺយើងទើបស្គាល់សុខសន្តិភាពពេញលេញពេញផ្ទៃ ប្រទេសនៅចុងឆ្នាំ១៩៩៨។ ទី៤.គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ជាងពីរទសវត្ស។ សមិទ្ធិផលរូបវន្ត ដែលយើងអាចឃើញដែលជាសូចនាករណ៍សម្រាប់ការវាស់វែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា គឺហេដ្ឋារចនាសម្ព័ន្ធ រូបវន្តគ្រប់បែបយ៉ាងដូចជាផ្លូវ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យ វត្ត អារាម សំណង់អគារខ្ពស់ៗ ដែលមិនធ្លាប់មាននៅក្នុង ប្រទេសកម្ពុជា។ ទី៥.ចក្ខុវិស័យដ៏ត្រឹមត្រូវ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំជាតិឆ្ពោះទៅរកការរីកចម្រើន ការអភិវឌ្ឍបន្ថែមទៀត ជាពិសេសចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ននៅឆ្នាំ២០៥០។ ទី៦.ធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ធំមួយនេះ សំបូរទៅដោយធនធានមនុស្សយ៉ាងច្រើនសម្បើមទាំងនៅថ្នាក់មូលដ្ឋានថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ទី៧.មគ្គុទ្ទេសភាពនៃប្រមុខគណបក្សប្រជាជនកម្ពុជា គឺការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទេពកោសល្យភាពឆ្លាតវៃ គតិបណ្ឌិតរបស់សម្តេចបានធ្វើឱ្យប្រជាជនកម្ពុជាមានការទុកចិត្ត ហើយនៅតែបន្តឲ្យគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដឹកនាំនាវាកម្ពុជាតទៅទៀត។
ដោយសារតែបទពិសោធន៍ ចំណេះដឹង និងដោយសារតែទេពកោសល្យ គតិបណ្ឌិតរបស់សម្តេច ដូច្នេះ ប្រជាពលរដ្ឋមានការជឿជាក់។ នេះគឺជាចំណុចសំខាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបន្តទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋ។ លោកបណ្ឌិត គិន ភា សង្ឃឹមថា ទង្វើសកម្មភាពគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានឹងនៅតែបន្តផ្តោទៅលើផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ ហើយត្រូវតែបញ្ជៀសឱ្យបានបាតុភាពអសកម្មនានានៅក្នុងសង្គម ក៏ដូចជាឥរិយាបថមិនប្រក្រតី ឬក៏មិនស័ក្តិសមនៃអាជ្ញាធរ មូលដ្ឋាន ក៏ដូចជាអាជ្ញាធរ ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិដែលបង្កការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ៕
ដោយ៖ពលជ័យ