អ្នកសង្កេតការណ៍នៃអង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅកម្ពុជាប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន
ភ្នំពេញ៖ អង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace-IPTP) ដឹកនាំដោយលោក Shamsul Iskandar Bin Mohd Akin បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២។ បន្ទាប់ពីបានចូលរួមសង្កេតដោយផ្ទាល់ អង្គការនេះបានប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៦ ខែមិថុនា បានបញ្ជាក់ថាយើងសូមសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គ.ជ.ប ក្នុងការធានាបាននូវសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកបោះឆ្នោត សមាជិកគណបក្សនយោបាយ បុគ្គលិកបោះឆ្នោត អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ នៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោត។ គណៈប្រតិភូនៃអង្គការ IPTP រួមជាមួយតំណាងមកពីបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក៏បានសង្កេតការណ៍ដំណើរការរាប់សន្លឹកឆ្នោតនេះផងដែរ។
គណៈប្រតិភូអង្គការ IPTP សូមអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រជាពលរដ្ឋកម្ពុជាជាង៩លាននាក់ដែលបានចុះឈ្មោះបោះឆ្នោត ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចំពោះការរៀបចំដ៏ជោគជ័យនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន។ យើងខ្ញុំអាចធ្វើជាសាក្សីចំពោះបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់អ្នកបោះឆ្នោត ក្នុងកាប្រើប្រាស់នូវសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគាត់តាមបែបសន្ដិវិធី និងដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ។ យើងខ្ញុំក៏បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតមួយចំនួននៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានស្វែងយល់ថាព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងការបោះឆ្នោត និងសិទ្ធិរបស់អ្នកបោះឆ្នោត ត្រូវបានផ្សព្វផ្សាយទៅដល់សាធារណជនផ្ទាល់។
សេចក្តីបន្តថាកាលពីថ្ងៃទី០៤ ខែមិថុនាកន្លងទៅនេះ គណៈប្រតិភូអង្គការIPTP បានជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបានស្តាប់ការពន្យល់សង្ខេបអំពីដំណើរការបោះឆ្នោត ដែលបានធ្វើឡើងដោយតំណាងអញ្ជើញមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងវាគ្មិនផ្សេងៗស្តីពីដំណើរការនិងនិតិវិធីនៃការបោះឆ្នោតនៅកម្ពុជាក៍ដូចជាស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។
នៅថ្ងៃបោះឆ្នោត ដែលត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គណៈប្រតិភូអង្គការ IPTP បានធ្វើទស្សនកិច្ចនៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ។ យើងមានការចាប់អារម្មណ៍ចំពោះចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើន ហើយយើងសង្កេតឃើញថាប្រជាពលរដ្ឋបានចេញមកបោះឆ្នោតដោយសេរី និងសម្ងាត់។ សំខាន់ជាងនេះទៅទៀត អ្នកបោះឆ្នោតហាក់ដូចជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយក្នុងការចូលរួមក្នុងដំណើរការបោះឆ្នោតនេះ។ យើងសង្កេតឃើញថាពុំមានសញ្ញានៃការគំរាមកំហែង ការគាបសង្កត់ និងអំពើហិង្សាណាមួយឡើយ។ ក្រៅពីនេះ បុគ្គលិកបោះឆ្នោត ត្រូវបានជ្រើសរើសតាមរយៈដំណើរការមួយដែលមានតម្លាភាពនិងភាពប្រកួតប្រជែង ហើយពួកគេបានបំពេញការងារប្រកបដោយសុចរិតភាព និងវិជ្ជាជីវៈ។
ជាការពិតណាស់ យើងខ្ញុំសង្កេតឃើញថា គ.ជ.ប បានអនុវត្តតាមនីតិវិធីជាច្រើន ស្របតាមគោលការណ៍ណែនាំអន្តរជាតិ។ យ៉ាងណាមិញ យើងខ្ញុំសូមជូនយោបល់ទៅ គ.ជ.ប ថាគួរផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីនៅការិយាល័យបោះឆ្នោតដោយផ្អែកការបង្ហាត់បង្ហាញនិងការអនុវត្តផ្ទាល់ គួរផ្តល់ភាពងាយស្រួលដល់ជនពិការ និងអ្នកដែលត្រូវការជំនួយជាពិសេស ក៏ដូចជាការបង្ហាញបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅលើជញ្ជាំង ឬក្តារនៅការិយាល័យបោះឆ្នោត។
គួររំលឹកថា តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈវេទិកាសម្ព័ន្ធ សង្គមស៊ីវិល គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតមកពីអង្គការសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace-IPTP) ដឹកនាំដោយឯកឧត្តម Shamsul Iskandar Bin Mohd Akin បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២៕
ដោយ៖ពលជ័យ

