គជបថាការចោទគណបក្សភ្លើងទៀនក្នុងបំណង «បំភាន់សាធារណៈមតិឱ្យយល់ខុសលើ គជប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល» (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគជប បានចាត់ទុកការលើកឡើងរបស់ គណបក្សភ្លើងទៀនដែលនិយាយចោទអំពីករណីមិនប្រក្រតីនៃការបិទទ្វារស្ថានីយ៍ គឺក្នុងបំណង «បំភាន់សាធារណៈមតិឱ្យយល់ខុសលើគជប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល»។

គួរបញ្ជាក់ថាគណបក្សភ្លើងទៀនកាលពីម្សិលមិញបាននិយាយចោទប្រកាន់ដល់គជប អំពីការបិទស្ថានីយ៍បោះឆ្នោតក្នុងពេលរាប់សន្លឹកឆ្នោត។ គណបក្សភ្លើងទៀនក្នុងសន្និសីទ កាសែតថ្ងៃទី៦មិថុនាបានប្រើលេសចោទប្រកាន់នោះដោយនិយាយថាការបោះឆ្នោតក្រុម ប្រឹក្សាឃុំនិងសង្កាត់អាណត្តិទី៥នេះ ប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវនិងយុត្តិធម៌, និងចោទទៀត ថាមិនមែនជាលទ្ធផលដែលឆ្លុះបញ្ចាំងពីឆន្ទៈពល រដ្ឋពិតប្រាកដឡើយ។

សេចក្តីបំភ្លឺរបស់គជប ថ្ងៃទី៧មិថុនា បានសរសេរថា យោងតាមមាត្រា ៣០នៃច្បាប់ស្តីពីការ បោះឆ្នោតក្រុមប្រឹក្សាឃុំនិងសង្កាត់គឺ «ហា​មជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្តើមការរាប់សន្លឹកឆ្នោតឬក្រោយការរាប់ សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត»។

សេចក្តីបំភ្លឺដដែល បានសរសេរបន្តទៀតថា ជនទាំងឡាយដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង គឺមន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការចាត់តាំងពីគជប, ភ្នាក់ ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត, និងអ្នក សង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ដោយគជប, និងអ្នកដែលអាចចូលបានទៀត គឺ ភ្នាក់ងារសន្តិសុខនិងភ្នាក់ងារសង្គ្រោះនៅពេលណាដែលប្រធានគណៈកម្មការការិយាល័យ រាប់សន្លឹកឆ្នោតធ្វើសំណូមពរក្នុងករណីចាំបាច់ថែមទៀត។

សេចក្តីបំភ្លឺគជប បានថ្លែងថា ក្នុង ការបោះឆ្នោតក្រុមប្រឹក្សាឃុំនិងសង្កាត់កន្លងមកនេះ ខណៈដែលគណបក្សនយោបាយនានា ដែលចូលរួមប្រកួតប្រជែង, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងនោះ គឺមានតែគណបក្សភ្លើងទៀនតែមួយគត់ ដែលបាន ធ្វើការវាយតម្លៃផ្ទុយខុសពីគេ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner