ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់នៅលើស្ពានអាកាសផ្សារដីហ៊ុយ
ភ្នំពេញ ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយពេញទំហឹងបណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅលើស្ពានអាកាសផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក lexus nx200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG 5275 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់លើស្ពានអាកាសផ្សារដីហ៊ុយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1FA 5930 ជិះដោយបុរសម្នាក់ នឹងរួមដំណើរដោយបុរសម្នាក់ទៀត ទិសដៅស្របជាមួយរថយន្តក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ នឹងម្នាក់រងរបួសស្រាល ។ដោយឡែកម៉ូតូនឹងរថយន្តរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ តៃកុងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រង់ចាំដោះស្រាយបន្តនាពេលក្រោយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចុះធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចយកទៅដំកល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា





