ប្រមុខការពារជាតិ៖ កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក។ “កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ” ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លោង នៅមូលដ្ឋានសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។


សម្តេចពិជ័យសេនា បានបន្តថា តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក និងជាប្រធានគណៈកម្មការ បានបង្ហាញពីការងារត្រៀមរៀបចំ និងសារៈសំខាន់នៃការសាងសង់ Drydock “ដុក”, Slipway “វ៉ៃ”, ផែសំចត និងការស្ដារឃ្លោង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរណបមួយចំនួនទៀត នឹងលើកកម្ពស់វិស័យការពារជាតិ ពិសេសកងទ័ពជើងទឹកឱ្យមានសមត្ថភាពឡើងមួយកម្រិតថែមទៀត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងវិស័យសន្តិសុខការពារជាតិ ក្នុងការទទួលរ៉ាប់រងថែរក្សាការពារបូរណភាពទឹកដីលើដែនសមុទ្រ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត ស្របតាមការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងលើកតម្កើងកេរ្តិ៍ឈ្មោះកងយោធពលខេមរភូមិន្ទនៅក្នុងកិច្ច ការតំបន់ និងអន្តរជាតិ។
រដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់ថា “ជាការពិត កងយោធពលខេមរភូមិន្ទបានចាត់ទុកការសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លោងនាពេលនេះ ជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍសមត្ថភាពកងទ័ព ដែលជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សៀវភៅសការពារជាតិ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងទ័ពជើងទឹក បន្តធានាកិច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្ដិសុខ និងសុវត្ថិភាពជូនប្រជាជន”។ សម្តេចមានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីសំណង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លោង ដែលបំពាក់ដោយឧបករណ៍ សម្ភារបច្ចេកទេសទំនើបនេះសាងសង់រួចរាល់ នឹងផ្ដល់ឱកាសដល់នាយ នាយរង និងពលនាវឹកកងទ័ពជើងទឹកកាន់តែមានសមត្ថភាព ចំណេះដឹង ប្រកបដោយជំនាញបច្ចេកទេស វិជ្ជាជីវៈ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រទេសជាតិទាំងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែង រួម ចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងរាល់សមិទ្ធផល នៃសង្គមជាតិបានរឹងមាំ និងលើកតម្កើងកេរ្តិ៍ឈ្មោះកងយោធពលខេមរភូមិន្ទនៅក្នុងកិច្ចការតំបន់ និង អន្តរជាតិ និងមានលទ្ធភាពទទួលដំណើរទស្សនកិច្ចនាវា បណ្តាប្រទេសជាមិត្តចូលចតនៅកំពង់ផែនេះ ទៀតផង។

ឆ្លៀតក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសសាជាថ្មីម្តងទៀតថា “ការអភិវឌ្ឍសមត្ថភាពកងយោធពល ខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មលើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្តធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម។ កម្ពុជាបានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជា សម្ភារសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្ននេះ កំពុងតែធ្វើការហ្វឹកហ្វឺនជំនាញបញ្ហាបច្ចេកទេស និងប្រើប្រាស់។ នៅពេលអនាគត កម្ពុជានឹងបន្តទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារ សឹកធុនធ្ងន់ និងទំនើបពីប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។
សម្តេចពិជ័យសេនាបានបន្តទៀតថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងច្បាស់ថា៖ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានា សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។


ប្រមុខការពារជាតិកម្ពុជាបានអះអាងថា នៅក្នុងបរិបទនេះ ការសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លោង គឺជាតម្រូវការចាំបាច់ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រការពារជាតិ ដែលក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានប្រគល់ភារកិច្ចជូនកងទ័ពជើងទឹក នាពេលបច្ចុប្បន្ន ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់-រឹង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យមានវិជ្ជាជីវៈ ចំណេះ ដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ ដែលជាយុទ្ធសាស្ត្រយូរអង្វែង សំដៅលើកកម្ពស់ធនធានមនុស្សបន្តវេនជំនាន់ក្រោយឱ្យមានសមត្ថភាព មានបទពិសោធន៍សម្រាប់បម្រើជាតិមាតុភូមិ ស្របតាមនយោបាយការពារជាតិដែលបានដាក់ចេញ និងដើម្បីទទួលរ៉ាប់រងការងារថែរក្សាការពារបូរណភាពទឹកដី រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ទាំងពេលបច្ចុប្បន្ន និងអនាគត។ មួយវិញទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ នឹងធ្វើឱ្យកងទ័ពជើងទឹកមានកាលានុវត្ត ភាពដ៏ល្អសម្រាប់បំពេញបេសកកម្មរបស់ខ្លួន និងមានលទ្ធភាពចូលរួមសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសន្តិសុខលម្ហសមុទ្រ បង្កើនទំនាក់ទំនងដ៏ស្អិតរមួតជាមួយប្រទេសមិត្តភក្ដ្រ ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុង តំបន់ និងស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិ។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការវិវត្តឥតឈប់ឈរ បានធ្វើឱ្យការទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ បានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យរហូតឈានដល់ “កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតាមប្រសាសន៍ថ្នាក់ដឹកនាំប្រទេសទាំងពីរ “មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមរវាងប្រជាជន យើងទាំងពីរកម្ពុជា-ចិន”។

សម្តេចពិជ័យសេនាបានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងតំបន់ ពិភពលោកប្រឈមនឹងការគម្រាមកំហែងការរាតត្បាតជាសកលដោយជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែក្រសួងការពារប្រទេសចិននៅតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិកម្ពុជាបានគ្រប់ជ្រុងជ្រោយ តាមរយៈការហ្វឹកហ្វឺនលំហាត់រួមគ្នា ការបញ្ជូនក្រុមបច្ចេកទេស និងក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិន មកបណ្តុះបណ្តាល បំប៉នក្រុមគ្រូពេទ្យកម្ពុជា ការផ្តល់ឧបត្ថម្ភវ៉ាក់សាំង សម្ភារ ឧបករណ៍វេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ការសាងសង់អគារ និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរាយ និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លោង នាថ្ងៃនេះ។ ប្រការនេះ បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាពកម្ពុជា-ចិន ដល់ពិភពលោកបានដឹងនូវមិត្តភាពពិត រវាងប្រជាជននិងប្រជាជន កងទ័ពនិងកងទ័ព ប្រទេសនិងប្រទេស ហើយប្រែក្លាយជាកេរតំណែលមួយនៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិដែលនឹងត្រូវ បន្តទៅរាប់រយពាន់ឆ្នាំ។ មួយវិញទៀត សមិទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុង ស្មារតីទទួលខុសត្រូវ ក្នុងនាមជាបងប្អូន ជាមិត្តដែកថែប មិត្តអមតៈ និងជាមិត្តដៃគូដ៏ល្អ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពី “ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលមានឆន្ទៈនយោបាយ ការប្តជ្ញាចិត្តដ៏មោះមុត ក្នុងការពង្រឹងលើកស្ទួយកិច្ចទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត រវាងប្រជាជននិងប្រជាជន កងទ័ពនិងកងទ័ព ដែលជាមូលដ្ឋានគ្រឹះយូរអង្វែងរបស់ប្រជាជាតិទាំងពីរកម្ពុជា-ចិន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចពិជ័យសេនា ទៀ បាញ់