មុខសញ្ញាក្រុមបងធំដែលធ្លាប់អុកឡុកក្នុងភូមិធ្លាប់ជាប់គុកបីឆ្នាំ បានបង្ហាញមុខនៅក្នុងគណបក្សភ្លើងទៀន
ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិជាក្រុមបងធំ ជាជនអន្ធពាលក្នុងភូមិ ធា្លប់កាប់សមត្ថកិច្ចឱ្យរបួស និងធ្លាប់ជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ត្រូវបានគេប្រទះឃើញនៅក្នុងក្បួនដង្ហែនៃយុទ្ធនាការឃោសនារបស់គណបក្សភ្លើងទៀន នៅខេត្តព្រះសីហនុ ដោយមានសញ្ញាសម្គាល់ថា ជាសមាជិក “គណបក្សភ្លើងទៀន”។
តើបុរសដែលស្លៀកពាក់ខោអាវឈុតបែបសន្តិសុខ និងឡូហ្គោគណបក្សភ្លើងទៀនលើអាវ និងមួកនោះជានរណា?
បុរសនេះឈ្មោះ ពេជ្រ សម្បត្តិ ហៅ ចូច អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិ៣ ទំនប់រលក សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងមានមុខរបរ ជាសន្តិសុខឯកជន ហើយក៏ជាសកម្មជនគណបក្សភ្លើងទៀន ដែលតែងលេចមុខក្នុងសកម្មភាពរបស់គណបក្សនេះផងដែរ។
ប្រភពជាក់លាក់បានបញ្ជាក់ថា ពេជ្រ សម្បត្តិ កាលពីចន្លោះឆ្នាំ២០០២-២០០៣ ជាជនដែលធ្វើសកម្មភាពមិនល្អជាច្រើន។ ពេជ្រ សម្បត្តិ ជាមុខសញ្ញាក្រុមបងធំ ដើរបង្កអុកឡុកក្នុងមូលដ្ឋាន និងធ្លាប់ប្រើហិង្សាយកដាវកាប់មកលើសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍សង្កាត់១ ឱ្យរងរបួសខណៈពេលជននេះយកដាវដេញកាប់ប្រជាពលរដ្ឋក្នុងភូមិហើយសមត្ថកិច្ចបានចូលទៅជួយអន្តរាគមន៍។

ដោយសារតែទង្វើ និងបទល្មើសរបស់ ពេជ្រ សម្បត្តិ នោះសមត្ថកិច្ចបុស្តិ៍រដ្ឋបាលសង្កាត់១ និងអធិការដ្ឋាននគរបាលខណ្ឌមិត្តភាព បានចាប់ខ្លួនជននេះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បន្ទាប់មកតុលាការបានជំនុំជម្រះ និងកាត់ទោសដាក់ជាប់ពន្ធគាររយៈពេលបីឆ្នាំ។ នៅពេលចេញមកវិញ ឈ្មោះ ពេជ្រ សម្បត្តិ នេះបានចូលជាសកម្មជនគណបក្សសង្គ្រោះជាតិដោយជ្រកក្រោមផ្លាកនៃគណបក្សនេះ។ ពេជ្រ សម្បត្តិ ក៏បានបង្ហាញមុខយ៉ាងគ្រហើៗ នៅក្នុងគណបក្សភ្លើងទៀនដែលចូលរួមក្នុងការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះផងដែរ។
នេះបានបង្ហាញថាជនដែលធា្លប់មានប្រវត្តិមិនល្អជាច្រើនតែងតែ ទៅជ្រកក្រោមផ្លាកគណបក្ស ហើយប្រសិនជាគេប្រព្រឹត្តសកម្មភាពមិនល្អអ្វីមួយ ត្រូវសមត្ថកិច្ចបង្រ្គាប បុគ្គលនេះ ឬគណបក្សដែលជននេះជ្រកក្រោមផ្លាកគណបក្សនេះ នឹងចោទប្រកាន់មកលើសមត្ថកិច្ច ឬ រាជរដ្ឋាភិបាលថា ធ្វើទុក្ខបុកម្នេញនយោបាយទៅវិញ។
គំហើញជាក់ស្តែងមួយនេះគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀតដែលមាននៅក្នុងសម្បុករបស់អតីតគណបក្សសង្រ្គោះជាតិ ឬគណបក្សភ្លើងទៀនតែប៉ុណ្ណោះ។ មហាជនដែលបានដឹង បានស្គាល់ ពេជ្រ សម្បត្តិ ក៏ដូចជាជនដទៃទៀតដែលមានសភាពដូចគ្នានឹងឈ្មោះ ពេជ្រ សម្បត្តិ ពិតបានយល់ដោយគ្មានការសង្ស័យចំពោះគណបក្សដែលជនទាំងនោះទៅជ្រកជាមួយ៕
ដោយ៖ជម្ពូនុទ