ពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យសូហ្វ៊ីយ៉ានៅទីក្រុងតូក្យូ បានរៀបចំពិធីរំឭកអំពីស្នាដៃរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា យូគីអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាដំបូង (ឆ្នាំ១៩៩២ ដល់១៩៩៦ បន្ទាប់ពីស្ថានទូតជប៉ុនបើកឡើងវិញ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នៅក្នុងពិធីនេះ ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធាន មនុស្សនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ដែលជាអ្នកផ្ដួចផ្ដើមរៀបចំពិធីនេះបានអញ្ជើញភ្ញៀវកិត្តិយសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោកជំទាវ អ៊ីម៉ាហ្កាវ៉ា ស៊ុមិកុ ភរិយារបស់ឯកឧត្តម អ៊ីម៉ាហ្កាវ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា តំណាងក្រសួងការបរទេសជប៉ុន និងអ្នកចូលរួមប្រហែល៥០នាក់ផ្សេងទៀត។

ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា បានចូលបម្រើការងារក្នុងក្រសួងការបរទេសជប៉ុននៅឆ្នាំ១៩៥៦ ហើយបានទៅប្រទេសកម្ពុជា ដើម្បីរៀនភាសាខ្មែរនៅឆ្នាំ១៩៥៧។ ឯកឧត្តមជាអ្នកមានចំណេះដឹងភាសាខ្មែរជ្រៅជ្រះ និងបានសរសេរសៀវភៅ ក៏ដូចជាអត្ថបទជាច្រើនអំពីកម្ពុជា។ ឯកឧត្តមបានធ្វើជាសហប្រធានគណៈកម្មាធិការទី៣ នៃសន្និសិទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៨៩ និងបានចូលរួមធ្វើឱ្យសម្រេចនូវដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងឆ្នាំ១៩៩១។ ឯកឧត្ដមក៏បានជួយគាំទ្រដល់កិច្ចការរបស់កងរក្សាសន្តិភាពជប៉ុននៃអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ នៅក្នុងប្រទេសកម្ពុជាដែរ។ លើសពីនេះ ឯកឧត្តមបានលះបង់ពេលវេលារយៈពេល៣៩ឆ្នាំក្នុងការបំពេញកិច្ចការជាច្រើន ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជា។ ឯកឧត្តមក៏បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជាដែរ។ ឯកឧត្ដមបានទទួលគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ពីអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ បន្ទាប់ពីចូលនិវត្តន៍ពីកិច្ចការការទូត ឯកឧត្ដមបានក្លាយជាសាស្ត្រាចារ្យក្រៅម៉ោងក្នុងស្ថាប័នស្រាវជា្រវវប្បធម៌អាស៊ីនៃសាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងជាប្រធាននៃសមាគមសិក្សាជប៉ុននិងខ្មែរ។


ក្នុងពិធីនេះ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទន្ទឹមនឹងថ្លែងចំណាប់អារម្មណ៍ កោតសរសើរអំពីស្នាដៃ និងសមិទ្ធិផលរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា ដែលបានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជា ក៏បានជម្រាបអង្គពិធីដែរពីសាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ អ៊ីម៉ាហ្កាវ៉ា ស៊ុមិកុ ភរិយារបស់ឯកឧត្តម អ៊ីម៉ាហ្គាវ៉ា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ក្នុងពិធីនេះដែរ ក៏មានការដាក់តាំងរូបថតអនុស្សាវរីយ៍ជាច្រើនរបស់ឯកឧត្ដម អ៊ីម៉ាហ្កាវ៉ា ដែលបានថតជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែរ៕
រូបភាព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន







