មេបញ្ជាការរងកងទ័ពជើងគោកអំពាវនាវឱ្យកងទ័ពការពាររបបរាជានិយម រាជបល្ល័ង្ក ព្រះមហាក្សត្រ ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តើមការពាររបបរាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ហើយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ ហើយត្រូវបន្តគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លើងដៃកងទ័ពជើងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មើរជើងនៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលរបស់សិក្ខាកាមវគ្គបំប៉នជំនាញបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មើរជើង ដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ចាប់តាំងពីថ្ងៃបើកវគ្គរហូតដល់បញ្ចប់វគ្គ ដោយទទួលបានលទ្ធផលជោគជ័យក្នុងការសិក្សា និងសុវត្ថិភាព។

ឯកឧត្តមមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តផែនការកែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនគឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ៕
ដោយ៖ពលជ័យ

ads banner