រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងជួបជាមួយរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅព្រឹកស្អែក
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងជួបពិភាក្សាការងារជាមួយលោកស្រី Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
លោកស្រី Kathryn Campbell រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ដ្រាលី នឹងអញ្ជើញទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។


ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងខណៈកម្ពុជា និងអូស្ត្រាលី កំពុងប្រារព្ធខួប លើកទី៧០ឆ្នាំ នៃចំណងការទូត និងក្នុងពេលដែលកម្ពុជា ជាប្រធានអាស៊ាន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Kathryn Campbell នឹងជួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្រៅពីនោះ លោកស្រី Compbell នឹងជួបជាមួយឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ របស់អាជ្ញាធរមីន។
រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានមានប្រសាសន៍បញ្ជាក់ថា “អូស្ត្រាលីនិងកម្ពុជាមានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរយៈពេល៧០ឆ្នាំមកហើយ។ យើងទន្ទឹងរង់ចាំបន្តធ្វើការរួមគ្នា ទៅមុខទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់និងសកលលោក និងគាំទ្រដល់កម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ ចក្ខុវិស័យរបស់អាស៊ាន ក្នុងការគាំទ្រឥណ្ឌូប៉ាស៊ីហ្វិក ដែលលើកចំហប្រកបដោយបរិយាប័ន្ន និងមានភាពធន់ ជាការសំខាន់ណាស់ ចំពោះតំបន់របស់យើង”៕
ដោយ៖ពលជ័យ
