រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ចំណងមិត្តភាពភាតរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងកម្ពុជា និងជប៉ុន នៅតែស្ថិតស្ថេរ និងបន្តរីកចម្រើន ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងងជប៉ុន ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងពីរ ក៏បានរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ជាញឹកញាប់ ដែលបានបង្ហាញជាក់ស្តែងរួមមានដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មកកាន់ប្រទេសកម្ពុជាកាលពីខែមីនាឆ្នាំនេះ និងការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង “កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីទឹក” លើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ក្នុងខែមេសា ឆ្នាំ២០២២ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីយោធាជាន់ខ្ពស់ រួមមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តមឧត្តមសេនីយ៍ យ៉ាម៉ាហ្សាគី កូហ្ស៊ី ជាដើម។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ជាមួយឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣លានយ៉េន (ប្រមាណ ៣,៣៦លានដុល្លារ) ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមយ៉ាងមុតមាំថា នឹងមានសកម្មភាព និងព្រឹត្តិការណ៍ជាច្រើនថែមទៀតរវាងប្រទេសយើងទាំងពីរនៅចុងឆ្នាំនេះ ដើម្បីប្រារព្ធខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូងរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត មិកាមិ និងសហការីនៅស្ថានទូតជប៉ុន ព្រមទាំងបុគ្គលិកនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន សម្រាប់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិយើងទាំងពីរ ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មានវត្តមាននៅទីនេះ ទទួលបាននូវសុខភាពល្អ និងជោគជ័យ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាជាមួយ ឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ លើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទំហំទឹកប្រាក់ចំនួន ៣៦៣លានយ៉េន សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ ក្រោមហិរិញ្ញប្បទានឥតសំណងនេះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន២៦រូប ដែលរួមមានបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៤រូប និងថ្នាក់បណ្ឌិតចំនួន២រូប នឹងទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងប្រទេសជប៉ុន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីបានបន្តថា ចាប់តាំងពីគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬ «JDS» ត្រូវបានផ្តល់ជូនប្រទេសកម្ពុជានៅឆ្នាំ២០០០មក គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការកម្ពុជាចំនួន៥២២រូប មកពីក្រសួង-ស្ថាប័ននានា ដែលក្នុងនោះ មាន២៧រូបជាមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ មានមន្ត្រីចំនួន៤៣៩រូប បានវិលត្រឡប់មកកម្ពុជាវិញ ហើយដែលមួយចំនួនបានកាន់មុខតំណែងជាអ្នកដឹកនាំ និងមុខតំណែងសំខាន់ៗជាច្រើននៅតាមក្រសួង-ស្ថាប័នរបស់ពួកគេរៀងៗខ្លួន។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលមិនត្រឹមតែផ្ដល់ហិរញ្ញប្បទានឥតសំណង JDS និងអាហារូបករណ៍ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនដល់កម្ពុជា និងជំនួយដើម្បីជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេសកម្ពុជា



