សម្តេចតេជោ ហ៊ុន សែន អរគុណអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាភ្លូកទឹកភ្លូកដី (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថាការបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនកម្ពុជា កន្លងមកនេះ គឺជាការបង្ហាញថាពលរដ្ឋខ្មែរបានប្តេជ្ញាបន្តគាំទ្រសន្តិភាពនិងការអភិវឌ្ឍន៍។
លទ្ធផលទាំងស្រុងនៃការបោះឆ្នោតឃុំនិងសង្កាត់នៅមិនទាន់បានប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ប៉ុន្តែយោងតាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលទទួលសម្លេងគាំទ្រច្រើនជាងគេបំផុតក្នុងចំណោមគណបក្សនយោបាយចូលរួមទាំង១៧កន្លងមកនេះ។
ការបោះឆ្នោតឃុំនិងសង្កាត់កន្លងមកនេះ បើទោះបីជាក្រុមសង្កេតការណ៍ជាតិនិងអន្តរជាតិ បានបញ្ជាក់នូវតម្លាភាព, ភាពសេរីនិងយុត្តិធម៌អំពីដំណើរការរៀបចំនោះក៏ដោយ ប៉ុន្តែគណបក្សភ្លើងទៀន និងមេខ្លោងក្រុមឧទ្ទាមនៅក្រៅស្រុក បានស្រែកបន្ទរអំពីអ្វីដែលគេចោទថាមាន ករណីមិនយុត្តិធម៌។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដាក់សំណួរថាតើក្រុមដែលចោទនោះ អាចបង្ហាញនូវភស្ថុតាងបានដែរឬទេ
ការចោទជុំវិញបញ្ហាលួចសន្លឹកឆ្នោត គឺជារឿងដដែលៗរបស់គណបក្សប្រឆាំង ដើម្បីធ្វើជាលេសដោះសារនៃការមិនឱ្យបាក់មុខជាអន្តរជាតិលើបញ្ហាចាញ់សន្លឹកឆ្នោត។ គណបក្សភ្លើងទៀននៅមុនលទ្ធផលប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្នើរកការចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទាត់ចោលនូវសំណើលើកឡើងនោះ។