គជបព្រមានចាត់វិធានការផ្លូវច្បាប់លើសម្តីបរិហាគណបក្សភ្លើងទៀន (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានការចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ គជបបានចាត់ទុកសម្តីរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថាជាសម្តីប្រមាថ មាក់ងាយនិងប៉ះពាល់ដល់តម្លៃម្ចាស់ឆ្នោត។
កម្ពុជាទើបបានបញ្ចប់នូវការបោះឆ្នោតឃុំនិងសង្កាត់ជាមួយ នឹងការវាយតម្លៃរបស់អ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិទាំងអស់ដែលបានចាត់ទុកថាដំណើរការ បោះឆ្នោតថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៥មិថុនាកន្លងមកនេះ មានតម្លាភាពត្រឹមត្រូវ, សេរីនិងយុត្តិ ធម៌តាមគន្លងលទ្ធិ ប្រជាធិបតេយ្យ ប៉ុន្តែគណបក្សភ្លើងទៀន បាននិយាយវាយប្រហារដោយមិនបញ្ជាក់អំពី ភស្ថុតាងពិតប្រាកដឡើយ។
គណបក្សភ្លើងទៀន ទោះបីទទួលយកលទ្ធផលនៃអាសនៈ ប៉ុន្តែបានបរិហាថាការបោះឆ្នោតនោះ មិនត្រឹមត្រូវនិងយុត្តិធម៌ឡើយ។ អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆៃ បានបរិហាថាលទ្ធផលនោះ «មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ, មានការបំភិតបំភ័យ, មានការទិញ, មានការលួច ទើបបាននៅសល់ ប៉ុណ្ណឹង»។
សេចក្តីថ្លែងការណ៍មួយរបស់គជបថ្ងៃទី១៣មិថុនានេះបានថ្លែងថាគជបមិនអាចទទួលយក បាននូវសម្តីនោះទេ ដែលជាសម្តីប្រមាថមាក់ងាយនិងប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោត ដែលបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងសម្តីនោះបានប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់គជប ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍ដដែលបន្តថាសម្តីប្រមាថនោះធ្វើឱ្យមានការភាន់ច្រឡំ និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោតដែលបានចែង ក្នុងមាត្រា១៧១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនិងសង្កាត់ ដែលនឹងត្រូវ ផាកពិន័យជាប្រាក់ពី១០លានរៀលដល់២០លានរៀលដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌ ផ្សេងទៀត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ដើម្បីភាពស្អាតស្អំ, ការ រក្សាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន, គជប នឹងចាត់វិធានការតាមច្បាប់ចំពោះការចោទ ប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត។