គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ សុន ឆ័យ ដោយ​ស្នើសុំ​ឱ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​មួយ​លាន​ដុល្លារ​ចំពោះការ​បំភ្លៃ​លើ​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​/​សង្កាត់

ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២២​ បានសម្រេច​ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន លើក​ការ​ចោទ និង​បំភ្លៃ​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​ឆ្នាំ​២០២២ ដោយ​ស្នើសុំ​ឱ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​បួន​ពាន់​លាន​រៀល ឬ​ស្មើនឹង​មួយ​លាន​ដុល្លារ​អាមេរិក​។ ​បណ្តឹង​នេះ​បានប្រគល់​សិទ្ធ​ជូន​លោក គី តិច ជា​មេធាវី តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្នុង​ពាក្យបណ្តឹង​ដាក់​ចូលទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែមិថុនា​លោក គី តិច មេធាវី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​រំលេច​នូវ​ពាក្យសម្តី​មួយចំនួន​របស់លោក សុន ឆ័យ ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​មួយចំនួន​។ សម្តី​ក្នុង​បទសម្ភាសន៍​ទាំងនោះ ត្រូវបាន​លោក​មេធាវី ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ជាការ​ផ្តល់ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មូល​បង្កាច់​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ធ្ង​រ ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​ឈ្នះឆ្នោត​។​

លោក​មេធាវី គី តិច បានស្នើ​សុំឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិនិត្យ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ សុន ឆ័យ តាម​បញ្ញត្តិ​ច្បាប់​និង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត​នៃ​ការខូចខាត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​លាន​ដុល្លារ​អាមេរិក​។​

កាលពី​ថ្ងៃទី​១៣ ខែមិថុនា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​លោក សុន ឆ័យ ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​បរិហារ​ចោទប្រកាន់​លើ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នេះ​ផងដែរ​៕
​ដោយ​៖​ពល​ជ័យ​

ads banner