រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីកោតសរសើរកម្ពុជា ដែលបានបន្តនូវការងារលើវិស័យរក្សាសន្តិភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោកជំទាវ Kathryn Campbell បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលបានបន្តនូវការងារលើវិស័យរក្សាសន្តិភាពនាសម័យកាលអ៊ុនតាក់សំដៅជួយដល់បណ្តាប្រទេសរងគ្រោះមហន្តរាយដោយជម្លោះប្រដាប់អាវុធ និងទទួលបានការលើកទឹកចិត្តពីបណ្តាប្រទេសនានាក្នុងតំបន់និងអន្តរជាតិ ព្រមទាំងអះអាងពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាបន្តទៀតជាមួយកម្ពុជា។

ការថ្លែងកោតសរសើររបស់រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះផ្តោតជាសំខាន់លើការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានជាយូរអង្វែងមកហើយរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ហើយក៏ស្របទៅនឹងខួបលើកទី៣០ ដែលអូស្ត្រាលីបានបញ្ជូនកងកម្លាំងយោធាមួកខៀវរបស់ខ្លួនមកស្វែងរកសន្តិភាពសំដៅបញ្ចប់សង្គ្រាមរាំរ៉ៃរយៈកាលជាង៣ទសវត្សរ៍នៅកម្ពុជាផងដែរ។

ចំណែកឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើការវាយតម្លៃខ្ពស់នូវរាល់កិច្ចសហប្រតិបត្តិការល្អប្រសើរ និងការគាំទ្រដល់កងយោធាមួកខៀវកម្ពុជាក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាព។ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា អូស្ត្រាលីជាប្រទេសដំបូងបង្អស់ដែលបានជួយជ្រោមជ្រែងគាំទ្រកម្ពុជាលើវិស័យរក្សាសន្តិភាពនាឆ្នាំ២០០៦ ដែលកម្ពុជាចាប់ផ្តើមបញ្ជូនកងទ័ពមួកខៀវទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។

អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍បញ្ជាក់ទៀតថា ដោយទទួលបានការគាំទ្រនិងបណ្តុះបណ្តាលជំនាញលើវិស័យរក្សាសន្តិភាពពីប្រទេសអូស្ត្រាលី និងបណ្តាប្រទេសជាមិត្តក្នុងរយៈកាល១៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៨.៣០២នាក់ ក្នុង ចំណោមនេះនារីចំនួន៥៨០នាក់ ទៅកាន់តំបន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩រួមមានៈប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឹស ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានសំណូមពរដល់ភាគីអូស្ត្រាលីក្នុងការជួយបណ្តុះបណ្តាលជំនាញវិស័យរក្សាសន្តិភាពឱ្យដល់កងយោធាមួកខៀវកម្ពុជា ពិសេសកងកម្លាំងមួកខៀវនារីកម្ពុជាសំដៅបង្កើនកម្រិតសមត្ថភាពនិងបរិមាណតាមតម្រូវការរបស់អង្គការសហប្រជាជាតិ។

សូមជម្រាបថា លោកជំទាវ Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២២។ ដោយបានជួបពិភាក្សាការងារជាមួយេកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត៕
អត្ថបទ និងរូបភាពដោយ៖ពលជ័យ

ads banner