សម្តេចជួបក្រុមមេធាវីបារាំងដែលប្រមូលភស្ថុតាងប្តឹង សម រង្ស៊ី ឡើងសវនាការស្រុកបារាំង ថ្ងៃ ១កញ្ញា (Video Inside)
ក្រុមមេធាវីបារាំងចំនួន៤រូបដែលជាដើមបណ្តឹងប្តឹងលោក សម រង្ស៊ី ក្នុងតុលាការក្រុងប៉ារីស កំពុងតែ ពិនិត្យនិងប្រមូលភស្ថុតាងសំខាន់ៗពាក់ព័ន្ធនឹងអំពើចោទប្រកាន់ទុច្ចរិតរបស់ សម រង្ស៊ី ដើម្បីប្រមូលជាមូលដ្ឋានរឹងមាំសម្រាប់ការដាក់បន្ទុកចោទប្រកាន់។
មេធាវីបារាំងទាំង៤រូប នោះគឺជាមេធាវីតំណាងរបស់សម្តេចតេជោនិងលោក ឌី វិជ្ជា ក្នុងការប្តឹង ទណ្ឌិត សម រង្ស៉ី ពីបទបរិហារកេរ្តិ៍ តាមរយៈតុលាការនៅទីក្រុងប៉ារីស ដែលសវនាការនឹងគ្រោង ធ្វើនៅថ្ងៃទី១ កញ្ញាឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បាន អនុញ្ញាត ដល់ក្រុមមេធាវីបារាំងទាំង៤រូបនោះ ជួបធ្វើសវនាការនៅភូមិគ្រឹះរបស់សម្តេច នាទីក្រុងតាខ្មៅ។
លោក សម រង្ស៉ី នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន និងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុវីអូអេ បានចោទសម្តេចតេជោថា បានសម្លាប់ឬជាមេក្លោងឲ្យគេសម្លាប់លោក ហុក ឡងឌី។ សម រង្ស៊ី និយាយចោទទៀតថា សម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងបានចោទថា សម្តេចតេជោ បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់លោក ហុក ឡងឌី។ លោកហុកឡងឌី គឺអតីតអគ្គស្នងការនគរបាលជាតិ និងជាឳពុករបស់លោកឌីវិជ្ជា។
លោក ហុកឡងឌី ក្នុងដំណើរតាមឧទ្ធម្ភាគចក្រ ពីភ្នំពេញទៅស្វាយរៀងកាលពីខែវិច្ឆិកាឆ្នាំ២០០៨ ជាមួយនឹងមន្ត្រីជំនិតម្នាក់ និងពីឡុតបើកបរ២នាក់ទៀត បានបាត់បង់ជីវិតដោយសារករណី រន្ទះបាញ់ចំឧទ្ធម្ភាគចក្រ ប៉ុន្តែ សម រង្ស៊ី បាននិយាយ មួលបង្កាច់ថាលោកបានស្លាប់ដោយសារ មានការដាក់គ្រឿងផ្ទុះក្នុងឧទ្ធម្ភាគចក្រ ដែលជាការចោទមួយសំដៅមកសម្តេចតេជោ ហ៊ុន សែន។
ក្នុងជំនួបពិសេសនោះ សម្តេចតេជោ បានធ្វើការគូសបញ្ជាក់អំពីអង្គហេតុពិត, ចំណុច សំខាន់ៗ និងអំពើទុច្ចរិត របស់ទណ្ឌិតរូបនេះ ដល់ក្រុមមេធាវីការពារបណ្តឹងរបស់សម្តេច និងមូលហេតុដែលនាំឲ្យមានការតាមប្តឹង ទណ្ឌិត សម រង្ស៉ី ដល់ប្រទេសបារាំង។