សម្តេចតេជោអបអរដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (Video Inside)
ពានបាល់ទាត់ពិភពលោក FIFA WORLD CUP ធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាមបាន ធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥មិថុនាដោយមានការចូលរួមទទួលស្វាគមន៍ដោយផ្ទាល់ ពីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោហ៊ុនសែនបានថ្លែងថា «ពានរង្វាន់មាសសុទ្ធទម្ងន់៦,១គីឡូក្រាម ពិតជាមានអត្ថន័យសម្រាប់វិស័យកីឡាកម្រិតពិភពលោកដែលអនុញ្ញាតឱ្យតែប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនដែល ក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមានឱកាសប៉ះដោយផ្ទាល់នូវពានរង្វាន់ដ៏ មានតម្លៃនិងសារៈសំខាន់នេះ។
ដំណើរទេសចរណ៍ពានរង្វាន់ FIFA WORLD CUP តម្លៃ២០លានដុល្លារ បានចាប់ផ្តើមចេញ ដំណើរដំបូងកាលពីថ្ងៃទី១២ឧសភា និងគ្រោងធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន៥១លើសកល លោក។ កម្ពុជាគឺជាប្រទេសទី២១ហើយ ដែលដំណើរទេសចរណ៍ពានរង្វាន់ FIFA WORLD CUP បានធ្វើដំណើរឆ្លងកាត់។
ការដង្ហែពាននេះមកកាន់កម្ពុជា ត្រូវគេចាត់ទុកថាជាការលើកទឹកចិត្តកម្ពុជា ដែលជាប្រទេស នៃសមាជិក FIFA ដើម្បីជំរុញវិស័យកីឡាបាល់ទាត់ ដែលគេបានចាត់ទុកជាការរួមចំណែក អភិវឌ្ឍន៍យុវជន និងសង្គម។ លើសពីនេះទៀត ការដង្ហែពាននេះមកកម្ពុជា គឺជាការលើក ទឹក ចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មាន ន័យថា ជាការអបអរសាទរ និងជំរុញឱ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និង ទទួល បានការគាំទ្រជាសកលថែមទៀត។
សម្តេចតេជោបានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA និងក្រុមហ៊ុនកូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើកពានរង្វាន់បាល់ទាត់ពិភពលោកនេះ និងសម្តេចបានថ្លែងកោតសរសេរគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែល បានសហការរៀបចំកម្មវិធីនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ពានបាល់ទាត់ពិភពលោក FIFA WORLD CUP អ្នកស្នេហាកីឡាបាល់ទាត់ប្រាថ្នាចង់ ឃើញ គ្រប់គ្នានោះ ត្រូវបានរក្សាទុកក្នុងពហុកីឡដ្ឋានមរតកតេជោជាមួយការអនុញ្ញាតឱ្យពលរដ្ឋ ចូលទស្សនា និងថតរូបជាមួយពានរង្វាន់នោះផងទៀត ដើម្បីរក្សាជាអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។