វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ មានវឌ្ឍនភាពកាន់តែច្រើន
បន្ទាយមានជ័យ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានវឌ្ឍនភាពកាន់តែច្រើន គុណភាពកាន់តែប្រសើរ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងដូច្នេះក្នុងពេលប្រារព្ធទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លេីកទី៥ ឆ្នាំ ២០២២ ក្រោម ប្រធាន បទ ” TVET បង្កេីនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ “.នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នាផ្លូវជាតិលេខ៥ ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។
លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកា វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបាអោយដឹងថា វិទ្យាស្ថាននេះមានប្រវត្តិជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ផ្នែកសិប្បកម្ម សេវាកម្ម កសិកម្ម របស់អង្គការពលកម្មអន្តរជាតិកាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភដោយអង្គការUNDP-CARERE. ILO ONEST. GIZ ។ តមក វាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា និងពីឆ្នាំ២០០៤-២០១៨ មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:វិញ ហើយនៅឆ្នាំ២០១៩ ក៏ត្រូវរាជរដ្ឋាភិបាលតម្លើងជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានមន្ត្រីនិងគ្រូបច្ចេកទេស ២៧នាក់ មានដេប៉ាតឺម៉ង់៥ និងការិយាល័យ៣ ។
ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:មាន៥កម្រឹត មានជំនាញគោល៥ គឺ វិស្វកម្មអគ្គីសនី វិទ្យាសាស្ត្រកុំព្យួទ័រ វិស្វកម្មមេកានិចរថយន្ត វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសត្វ បន្តពង្រីកជំនាញគោលស្របតាមតម្រូវការទីផ្សារការងារ ធនធាន និងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នាបច្ចុប្បន្ន និង អនាគត ។
លោកស្រី សំរឹទ្ធ សូរ្យជាតិ បន្តថា បច្ចុប្បន្នភាពនេះ វិទ្យាស្ថានបានទទួលការឧបត្ថម្ភ គាំទ្រពីរាជរដ្ឋាភិបាលតាមរយ: ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងពីដៃគូទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន សហគ្រាស អង្គការ សមាគមជាតិ អន្តរជាតិ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យា (NPIC) សាលាជាតិបណ្តុះបណ្តាលបច្ចេកទេស ((NTTI) ជាមួយអង្គការសហប្រតិបត្តិការអាល្លឺម៉ង់ស្វីស (GIZ) ,ADB ,សាកលវិទ្យាល័យបច្ចេកទេស និងវិជ្ជាជីវ: អ៊ីចូវ ប្រទេសចិនជាដើម ។ ហើយក៏ទទួលបានការបំពាក់សម្ភារបរិធានបម្រើការងារបណ្តុះបណ្តាលកាន់តែច្រើន ចំគោលដៅនិងមានប្រសិទ្ធភាព ។
លោកអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបន្ទាយមានជ័យបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតិតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិ អប់រំបណ្តុំបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លេីកទី៥ឆ្នាំ ២០២២ ក្រោម ប្រធាន បទ ” TVET បង្កេីនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ “។
សារលិខិតនិងប្រសាសន៍ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានកត់សម្គាល់ថា ការប្រារព្វពិធីនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបច្ចេកទេស វិជ្ជាជីវ: និងការផ្សព្វផ្សាយ ។ ជាពិសេសជម្រុញការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ។ ហើយឱកាសការងារ ជាកាលានុវត្តភាពដ៏មានប្រសិទ្ធភាព ឈានទៅរកនូវការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយចីរភាព ៕
ដោយ ៖ ឃិន គន្ធា








