គ.ជ.ប បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ
ភ្នំពេញ៖ នៅទីបំផុតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ ការដាក់ពាក្យបណ្តឹងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការង គ.ជ.ប បានថ្លែង ប្រាប់ AMS ថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន ដាក់ពាក្យបណ្តឹងទៅតុលាការប្តឹង លោក សុន ឆ័យ ដែលផ្តល់សម្ភាសន៍ដល់សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily កាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២២ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។
ឯកឧត្តមបានបញ្ជាក់ថា “ពាក្យបណ្តឹងរបស់ គ.ជ.ប ប្តឹងចំពោះការបរិហាកេរ្តិ៍ ជាសាធារណៈរបស់លោក សុន ឆ័យ ទៅតាមក្រមព្រហ្មួណ្ឌមាត្រា ៣០៥ ដោយលោក សុន ឆ័យ បាន ប្រើពាក្យដោយចោទប្រកាន់ គ.ជ.ប ថា ជាស្ថាប័នលួចបន្លំសន្លឹកឆ្នោត ដែល ខុសពីការ ពិតជាក់ស្តែង…”។

អគ្គលេខាធិការង គ.ជ.ប បានបញ្ជាក់ទៀតថា ការប្តឹងទៅស្ថាប័នតុលាការ គឺដើម្បីឲ្យស្ថាប័នតុលាការអនុវត្តទោសចំពោះលោកសុន ឆ័យ ទៅតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងសុំឲ្យបុគ្គល សុន ឆ័យ ធ្វើការសារភាពទោសកំហុជាសាធារណៈ ហើយនឹងត្រូវ ផ្សព្វផ្សាយជាសាធារណៈផងដែរ ចំពោះ ការចោទ ប្រកាន់មកលើស្ថាប័ន គ.ជ.ប។
យោងតាមពាក្យបណ្តឹងរបស់គ.ជ.ប ដែលបានដាក់ចូលទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្ដឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតនៅថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៥៦ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់អំពីអង្គហេតុថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងពេលសម្ភាសន៍នៅនាទី ១០:២៣ ដល់នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បានឆ្លើយយតបទៅនឹងសំណួររបស់ឈ្មោះ តាំង សារ៉ាដា ដោយមាន ខ្លឹមសារថា “…លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង…”។ នៅនាទី ១៣:២៤ ដល់ ១៣:៣៣ “…យើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ ដូចយើងនិយាយអញចឹង ចោរលួចគោ បើវាលួចគោបីហើយ យើងម៉េចមិនឲ្យវាលួចទាំង៥ទៅ។ ហើយនៅនាទី ១៤:២២ ដល់នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បានបន្តថា “…មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គេមានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹងយកទាហានឱ្យដើរគគ្រឹកគគ្រេង ទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដទេ។
ផ្អែកតាមខ្លឹមសារដែលឈ្មោះ សុន ឆ័យ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ខាងលើ ឈ្មោះ សុន ឆ័យ បានចោទប្រកាន់បំភ្លៃខុសពីការពិតថា “…លទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈ ប្រជាពលរដ្ឋទេ…វាមានការលួច …ចោរលួចគោអស់ ៣ នៅសល់ ២ យើងឱ្យចោរមកលួច ២ ទៀត មានអ្នកណាធ្វើបែបហ្នឹងកើត …វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ…”។ ការលើកឡើងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ពាក្យបណ្តឹងរបស់តំណាង គ.ជ.ប បានស្នើឲ្យ ទី១.ផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២. ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក៏បានដាក់ពាក្យបណ្តឹង ប្តឹង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លើកការចោទ និង បំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ដោយស្នើសុំឱ្យផ្តន្ទាទោស តាមច្បាប់ និងទាមទារសំណងជំងឺចិត្ត បួនពាន់លានរៀល ឬ ស្មើនឹងមួយលានដុល្លារអាមេរិក។ បណ្តឹងនេះ បានប្រគល់ សិទ្ធិ ជូន លោក គី តិច ជាមេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា។
នៅក្នុងពាក្យបណ្តឹងដាក់ចូលទៅអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា លោក គី តិច មេធាវី តំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានគូស រំលេចនូវពាក្យសម្តីមួយចំនួនរបស់លោក សុន ឆ័យ ក្នុង បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួន។ សម្តីក្នុង បទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី ចាត់ទុកជា អំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុស ដោយអសុទ្ធចិត្ត និងមូលបង្កាច់ នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។
លោក មេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យ ចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និង ទាមទារសងសំណងជំងឺចិត្ត នៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា មួយលានដុល្លារអាមេរិក។ កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ក៏បានព្រមានចាត់វិធានការច្បាប់ លើលោក សុន ឆ័យ ពាក់ព័ន្ធនឹងបទសម្ភាសន៍បរិហារ ចោទប្រកាន់ លើដំណើរការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ / សង្កាត់ នេះផងដែរ ៕
ដោយ៖ពលជ័យ

