អង្គការ WCS បង្ហាញរូបថតសត្វរមាំង ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN លើកដំបូង នៅដែនជម្រកសត្វព្រៃកែវសីមា
អង្គការ WCS នៅ ទី១៦ ខែមិថុនា ឆ្នាំ២០២២ បានចែករំលែកជូន លោក អ្នកជ្រាបជាព័ត៌មាន នូវរូបភាពសត្វរមាំងដែលថតបានជាលើកដំបូង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដោយម៉ាស៊ីនថតសត្វស្វ័យប្រវត្តិ ក្រោយពីសត្វប្រភេទនេះ បាន បាត់វត្តមាននៅក្នុងតំបន់នេះ អស់រយៈពេលជិត២០ឆ្នាំ ។ រូបភាព បានបង្ហាញអំពីសត្វរមាំងជំទង់ បីក្បាល កំពុងដើររកចំណីនៅក្នុងព្រៃ ក្នុងអំឡុងខែមេសា ឆ្នាំ២០២២។
សត្វរមាំងត្រូវបានចាត់ចំណាត់ ថ្នាក់ជាប្រភេទជិតផុតពូជ ជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងជាប្រភេទសត្វដែលមានដោយកម្របំផុតនៅកម្ពុជា។ ដោយសារចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងស្ទើរជិតផុតពូជ។ រូបភាពទាំងនេះបានបញ្ជាក់ច្បាស់ថា សត្វរមាំងនៅមានវត្តមាននៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា នៅឡើយ ។ កត្តាគំរាមកំហែងចំពោះសត្វរមាំង រួមមាន៖ ការដាក់អន្ទាក់ ការប្រមាញ់ និងការបាត់បង់ទីជម្រក។
មន្ត្រី អង្គការ WCS បញ្ជាក់ថា ប្រសិនបើគ្មានចំណាត់ការអភិរក្សបន្ទាន់ទេ សត្វរមាំងនៅកម្ពុជាទំនងជាអាចនឹងផុតពូជ ក្នុងពេលឆាប់ៗខាងមុខ។ ក៏ប៉ុន្តែវា មិនទាន់ហួសពេលនៅឡើយទេ ក្នុងការការពារសត្វរមាំងកុំឱ្យផុតពូជ នៅកម្ពុជា។ ការពិចារ ណាលើការបង្កើតឱ្យមានកម្មវិធីបង្កាត់ពូជសត្វរមាំង នៅក្នុងមជ្ឈមណ្ឌល អាចជាជម្រើសមួយ ដើម្បីចូលរួមអភិរក្ស សត្វប្រភេទនេះកុំឱ្យផុតពូជបាន ៕ ដោយ វណ្ណលុក


