ស្លាប់៤នាក់ដោយសាររន្ទះបាញ់ (Video Inside)
យ៉ាងហោចមនុស្សមនុស្ស៤នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់រន្ទះបាញ់កាលពីចុង សប្តាហ៍ ក្នុងហេតុការណ៍២ផ្សេងគ្នាក្នុងខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង។
យោងតាមអគ្គស្នង ការដ្ឋាននគរបាលជាតិ ក្នុងខេត្តកោះកុងនោះ រន្ទះបានបាញ់កសិករ២នាក់ដែលកំពុងភ្ជួរស្រែ នៅភូមិព្រាំង, ឃុំដងពែងនៃស្រុកស្រែអំបិល បណ្តាលឱ្យស្លាប់ភ្លាមៗ។ ជនរងគ្រោះទាំង២ នាក់ គឺជាកុមារជំទង់ឈ្មោះ បូ សំណាង អាយុ ១៤ឆ្នាំ និងម្នាក់ទៀតមាន ឈ្មោះ រតនៈ អាយុ ១១ឆ្នាំ ។
នៅក្នុងខេត្តកំពង់ឆ្នាំងនោះវិញ, រន្ទះបានបាញ់សម្លាប់បុរស២នាក់ដែលកំពុង ឃ្វាលគោ នៅស្រុករលាប្អៀរនិងស្រុកទឹកផុស។ ជនរងគ្រោះដែលស្លាប់ក្នុងស្រុករលាប្អៀរ ឈ្មោះ ស្មាន យ៉េប, ចំណែកអ្នករងគ្រោះក្នុងស្រុកទឹកផុសឈ្មោះខ្វែក សុខ។
ក្នុងហេតុការណ៍រន្ទះបាញ់ក្នុងខេត្តកំពង់ឆ្នាំងដដែល នោះ, ស្ត្រីចំណាស់ម្នាក់ទៀតអាយុ៧៦ឆ្នាំ បានរងរបួស, និងគោមួយក្បាលបានស្លាប់ផងដែរ។
ដោយឡែកនៅក្នុងស្រុកកំពង់ត្រឡាចវិញ កាលពីថ្ងៃអាទិត្យ មានផ្ទះ ប្រជាពលរដ្ឋចំនួន ៥ខ្នងក៏ត្រូវបានភ្លៀង រងខូចខាត ដោយសារខ្យល់ កន្ត្រាក់ផងដែរ ។ នៅក្នុងករណីនេះ គឺមិន បណ្តាល ឱ្យមាន គ្រោះថ្នាក់ដល់អាយុជីវិត មនុស្សនិងសត្វ នោះឡើយ ។
កម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ បាតុភូតរន្ទះបាញ់បានកើតឡើង ៤៦លើក ក្នុង នោះបាន សម្លាប់មនុស្ស ប្រមាណ២២នាក់ និងរបួស ចំនួន១៧នាក់ ផងដែរ។ តួលេខនេះ មិនទាន់រាប់បញ្ចូលគ្រោះថ្នាក់ដែលកើតឡើងថ្មីៗនេះផងទេ។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងសប្ដាហ៍នេះ បាតុភូត ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ខណៈកម្ពុជាទទួលរងនូវឥទ្ធិពល ពីជ្រលង នៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយនៅលើ ភាគខាង ជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់ មូសុងនិរតីបក់ ក្នុងល្បឿនមធ្យម ។